ប៉ូលិសក្នុងប្រទេសវៀតណាម បានឃុំខ្លួនអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ពីបទចោទប្រកាន់ថា បានទទួលស៊ីសំណូក ដែលជាការចាប់ខ្លួនមន្រ្តីជាន់ខ្ពស់ចុងក្រោយបំផុតនៅក្នុងយុទ្ធនាការបោសសម្អាតអំពើពុករលួយអស់រយៈពេលជាច្រើនឆ្នាំរបស់គណបក្សកុម្មុយនិស្តវៀតណាមដែលកំពុងកាន់អំណាច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងសន្តិសុខសាធារណៈដែលគ្រប់គ្រងដោយប៉ូលិសវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Do Thang Hai អាយុ ៦០ឆ្នាំ ត្រូវបានឃុំខ្លួនក្រោមការស៊ើបអង្កេតលើការចោទប្រកាន់ថា លោក Hai បានធ្វើខុសនៅឯក្រុមហ៊ុនពាណិជ្ជកម្មប្រេងមួយកន្លែង នៅភាគខាងត្បូងប្រទេសវៀតណាម។

លោក Hai បានកាន់តំណែងជាអនុរដ្ឋមន្ត្រីតាំងពីឆ្នាំ២០១៤មក ដោយទទួលបន្ទុកលើវិស័យជាច្រើនដូចជា ទីផ្សារក្នុងស្រុក ការលើកកម្ពស់ពាណិជ្ជកម្ម ការផលិត កិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយក៏ធ្លាប់ជាអ្នកនាំពាក្យរបស់ក្រសួងផងដែរ។

លោក Hai គឺជាមន្ត្រីចុងក្រោយគេក្នុងចំណោមមន្ត្រីវៀតណាមរាប់រយនាក់ ដែលត្រូវបានស៊ើបអង្កេតពីបទពុករលួយ ដែលបានបង្ខំឱ្យមន្រ្តីកំពូលមួយ​ចំនួនលាលែងពីតំណែង ក្នុងនោះរួមមានទាំងអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី២រូបទៀតផងដែរ។

ទាក់ទិនបញ្ហានេះ ក្រសួង​ពាណិជ្ជកម្ម​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​របស់ភ្នាក់ងារសារព័ត៌មាន Reuters ទេ។

យុទ្ធនាការប្រឆាំងអំពើពុករលួយ បានឈានចូលជ្រៅទៅក្នុងវិស័យសាជីវកម្មរបស់ប្រទេសវៀតណាមផងដែរ ជាមួយនឹងឧកញ៉ា ឈ្មួញកណ្តាលកំពូល អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងសូម្បីតែនិយតករត្រូវបានជាប់ឃុំ កាលពីឆ្នាំមុនបានបង្កឱ្យមានការខាតបង់ថវិកាចំនួន ៤០ពាន់លានដុល្លារសម្រាប់ភាគហ៊ុន និងទំនុកចិត្តរបស់វិនិយោគិន។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ូលីសបានឃុំខ្លួនមនុស្ស ៤នាក់ផ្សេងទៀតពីបទជាប់ពាក់ព័ន្ធក្នុងសំណុំរឿងទទួលសំណូក និងកិបកេងធនធានរបស់រដ្ឋ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុនប្រេង Xuyen Viet Oil Travel and Transport Trading Co., អ្នកទាំងនោះរួមមានមន្ត្រីកំពូលរបស់គណបក្សកុម្មុយនិស្តនៅខេត្ត Ben Tre និងប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃទីក្រុងហូជីមិញ ដែលជាអ្នកជំនួញវៀតណាម៕

ប្រភព៖ Reuters

Share.