សម្តេចប៉ាប ហ្វ្រង់ស៊ីស ទួញសោកចំពោះសង្រ្គាមនៅក្នុងដែនដីបរិសុទ្ធ ដែលមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហារតាមអាកាសបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៨នាក់នៅថ្ងៃបុណ្យណូអែល ក្នុងរាត្រីដ៏សាហាវបំផុតមួយរបស់តំបន់ហ្គាហ្សាស្ទ្រីប នៅក្នុងការប្រយុទ្ធគ្នារយៈពេល ១១សប្តាហ៍ របស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។

ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ ​បាន​ចាប់​ផ្តើម​រាប់​ម៉ោង​មុន​ពាក់​កណ្តាល​អធ្រាត្រ​ បាន​បន្ត​ឈាន​ដល់​ថ្ងៃ​បុណ្យ​ណូអែល​នៅ​ថ្ងៃ​ចន្ទ ទី២៥ ខែធ្នូ នេះ។ អ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានបង្កើនការបាញ់ផ្លោងតាមអាកាស និងថ្មើរជើងដាក់គោលដៅលើជំរុំជនភៀសខ្លួន អាល់ ប៊ូរ៉េច (al-Bureij) នៅកណ្តាលតំបន់ហ្គាហ្សា។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោក អាស្រាហ្វ អាល់ គីដ្រា (Ashraf Al-Qidra) បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៧០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលសំដៅទៅលើទីក្រុង ម៉ាហ្គាហ្ស៊ី (Maghazi) នៅកណ្តាលតំបន់ហ្គាហ្សា។ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះបន្ថែមថា អ្នកស្លាប់ភាគច្រើនជាស្ត្រី និងកុមារ។

កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍នៃឧប្បត្តិហេតុ នៅទីក្រុង Maghazi ហើយបានប្តេជ្ញាចិត្តកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល។

ទាក់ទិននឹងបញ្ហានេះ ក្រុមហាម៉ាស់ បដិសេធការចោទប្រកាន់របស់អ៊ីស្រាអែល ថា ខ្លួនធ្វើប្រតិបត្តិការនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន ឬប្រើប្រាស់ជនស៊ីវិលជាខែលការពារពួកគេ។

យ៉ាងណាម៉ិញ អឌ្ឍចន្ទក្រហម​ប៉ាឡេស្ទីន​ បាន​ផ្សព្វផ្សាយ​វីដេអូ​នៃ​អ្នក​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដោយបាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល កំពុងទម្លាក់គ្រាប់បែកលើផ្លូវសំខាន់ៗ រវាងតំបន់ហ្គាហ្សាភាគកណ្តាល ដោយរារាំងការឆ្លងកាត់នៃរថយន្តគិលានសង្គ្រោះ និងរថយន្តសង្គ្រោះបន្ទាន់។

ក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដាច់ដោយឡែកមួយទៀត នៅទីក្រុង កាន យូនីស (Khan Younis) ភាគខាងត្បូងតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៨នាក់។

ជុំវិញហេតុការណ៍នេះ បព្វជិត​បាន​លុប​ចោល​ការ​ប្រារព្ធ​ពិធី​នៅ​ក្រុង​ បេថ្លេហិម (Bethlehem) ក្នុងតំបន់​ West Bank របស់​ប៉ាឡេស្ទីន​ កាន់កាប់​ដោយ​អ៊ីស្រាអែល ជាកន្លេងដែល​មាន​ទំនៀម​ទម្លាប់​ដែល​ថា​ ព្រះយេស៊ូវ​ បាន​ប្រសូត​ក្នុងទឹកដីដ៏ពិសិដ្ឋនេះ​កាលពី ២,០០០ឆ្នាំមុន៕

ប្រភព៖ CNA

Share.