ស្នាមជេីងរបស់ព្រឹទ្ធាចារ្យ ប៉ែន ផាត ត្រូវបានប្រទេសថៃ យកទៅដាក់តាំងនៅក្នុងសារមន្ទីរបាល់ទាត់ជាតិរបស់ប្រទេសថៃ និងចាត់ទុកជាបុគ្គលគំរូសម្រាប់យុវជនជំនាន់ក្រោយរបស់ពួកគេ។

ព្រឹទ្ធាចារ្យ ប៉ែន ផាត កើតនៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៤៨ នៅស្រុកទួលថ្ម ខេត្តកំពង់ចាម ជាកូននៃគ្រួសារកសិករមួយ ដោយមានឪពុកឈ្មោះ ប៉ែន សៀន និងលោកស្រី យឹម សាត ជាម្ដាយ។ លោក ប៉ែន ផាត មានបងប្អូនចំនួន ៥នាក់ ក្នុងនោះ លោកព្រឹទ្ធាចារ្យ គឺជាកូនពៅ នៃគ្រួសារនេះ។

ដោយសារតែអំឡុង ឆ្នាំទសវត្សរ៍ទី៧០ កម្ពុជា ចាប់ផ្ដើមមានសង្គ្រាមផ្ទៃក្នុង ទើបលោក ប៉ែន ផាត បង្ខំចិត្តចាកចេញពីប្រទេសកំណើត ទៅប្រកបអាជីពជាកីឡាករបាល់ទាត់នៅប្រទេសថៃ។ ម្យ៉ាងវិញទៀតនោះ ក្លិបនៅប្រទេសថៃ បានសម្លឹងឃើញទេព្យកោសល្យកីឡាកររូបនេះជាយូរណាស់មកហើយ ផងដែរ។

លោកព្រឹទ្ធាចារ្យ បានទៅចូលរួមនៅក្លិប Rajpracha FC នៅប្រទេសថៃ ហើយក៏ត្រូវបានប្រជាជនថៃ សរសើរ និងឱ្យរហ័សនាមថា «កីឡាករពស់កេងកង»។ ប្រជាជននៅទីនោះ បានឱ្យរហ័សនាមនេះ ដោយសារតែបច្ចេកទេសក្នុងការបណ្ដើរបាល់របស់លោក ប៉ែន ផាត បត់ចុះឡើងដូចជាពស់ ហើយកីឡាករផ្សេងទៀត ពិបាកក្នុងការតាមការពារ។

លោកគ្រូ ប៉ែន ផាត រហស្សនាមពស់កេងកងគឺជាបុរសកម្ពុជាតែម្នាក់គត់ ដែលធ្លាប់ប្រកួតជាមួយ Pele ស្តេចបាល់ទាត់ពិភពលោក កាលពីឆ្នាំ១៩៧៣ អំឡុងពេលលោកប្រកបអាជីពអោយក្លិប Rapracha FC ប្រទេសថៃ។

លោកគ្រូក៏ជា វិរៈបុរសបាល់ទាត់មួយរូបក្នុងការជួយអោយកម្ពុជាទទួលចំណាត់លេខ ៤ ក្នុងពានរង្វាន់ AFF Asian Cup 1972 និងជួយអោយកម្ពុជាយកឈ្នះជប៉ុន ១-០, ចាញ់ចិនត្រឹម ១-០ ទស្សវត្តន៍៦០។

លោកគ្រូក៏រួមចំនែក បំបាក់ក្រុមដំរីថៃ ៣-០ នៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីក្នុងពានរង្វាន់ President Cup ។ បំណងប្រាថ្នាធំបំផុតរបស់លោកគ្រូគឺចង់អោយបាល់ទាត់កម្ពុជាបច្ចុប្បន្នរីកចម្រើនខ្លាំងបន្ថែមទៀត។

ទេព្យកោសល្យរបស់លោកព្រឹទ្ធាចារ្យ បានធ្វើឱ្យក្លិបនៅតំបន់អឺរ៉ុប Paris FC និង Montpellier នៅបារាំង និង Hertha Berlin នៅអាល្លឺម៉ង ចង់បានលោកទៅប្រកបអាជីពជាមួយ។ ចូលមកដល់ឆ្នាំ ១៩៧៨ លោក ប៉ែន ផាត បានចុះកុងត្រាចូលរួមជាមួយ Paris FC ដែលបច្ចុប្បន្នជាក្លិបប្រកួតនៅលីគ ២របស់បារាំង (French Ligue 2)។ ព្រឹទ្ធាចារ្យរូបនេះ បានចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ នៅឆ្នាំ១៩៨២៕ 

Share.