នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាបន្តការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ខណៈប៉ាឡេស្ទីនកំពុងកាន់ទុក្ខមនុស្សជាង ១០០នាក់ ដែលមន្ត្រីសុខាភិបាលហ្គាហ្សាបាននិយាយថា ត្រូវបានសម្លាប់ពេញមួយយប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។

លោក Netanyahu បានទៅសួរសុខទុក្ខកងទ័ពអ៊ីស្រាអែលនៅភាគខាងជើងតំបន់ហ្គាហ្សាស្រ្ទីប ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរាត្រីដ៏អាក្រក់បំផុតមួយបានកើតឡើង ដោយឡោមព័ទ្ធទៅដោយការប្រយុទ្ធគ្នាអស់រយៈពេល ១១សប្តាហ៍រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ការសងសឹកប្រឆាំងនឹងក្រុមហាម៉ាស់ សម្រាប់ការវាយលុកឆ្លងព្រំដែនដ៏សាហាវរបស់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា អ៊ីស្រាអែលបានស្ថិតនៅក្រោមសម្ពាធពីសម្ព័ន្ធមិត្តជិតស្និទ្ធិបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរប្រតិបត្តិការនៅតំបន់ហ្គាហ្សាទៅជាដំណាក់កាលកម្រិតទាប និងកាត់បន្ថយការស្លាប់របសស់ជនស៊ីវិល។

ប៉ុន្តែលោក Netanyahu បានប្រាប់សមាជិកសភាមកពីគណបក្ស Likud របស់លោកថា សង្រ្គាម គឺនៅរយៈពេលយូរទៀត ហើយបានច្រានចោលនូវអ្វីដែលប្រព័ន្ធផ្សព្វផ្សាយមានការរំពឹងទុកថា រដ្ឋាភិបាលរបស់លោកអាចនឹងអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នា។

លោកបាននិយាយថា អ៊ីស្រាអែលនឹងមិនជោគជ័យក្នុងការទទួលបានចំណាប់ខ្មាំងដែលនៅសេសសល់របស់ខ្លួន ដោយមិនប្រើសម្ពាធយោធានោះទេ។ លោក Netanyahu ដែលប្រឆាំងនឹងការអំពាវនាវជាអន្តរជាតិសម្រាប់បទឈប់បាញ់រូបនេះ បាននិយាយក្នុងអំឡុងពេលទស្សនកិច្ចនៅតំបន់ហ្គាហ្សា ថា «យើងមិនឈប់ទេ។ សង្រ្គាមនឹងបន្តរហូតដល់ទីបញ្ចប់ រហូតដល់យើងជាអ្នកបញ្ចប់វា»។

ជាក់ស្ដែង ការបាញ់បោះដ៏ខ្លាំងក្លាជាមួយនឹងក្រុមហាម៉ាស នៅតែបន្ដ ជាពិសេសអ៊ីស្រាអែល បានបើកការវាយប្រហារទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ទៅលើផ្លូវរូងក្រោមដីក្នុងទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សា និងថែមទាំងសម្លាប់យុទ្ធជនរបស់ក្រុមប្រដាប់អាវុធមួយនេះជាច្រើននាក់ផងដែរ ។

អ្នកនាំពាក្យក្រសួងសុខាភិបាលប៉ាឡេស្ទីន លោក Ashraf Al-Qidra បាននិយាយថា ភាគច្រើននៃអ្នកស្លាប់នៅ Maghazi គឺជាស្ត្រី និងកុមារ។ មន្ត្រីសុខាភិបាលបន្ដថា មនុស្ស ៨នាក់ផ្សេងទៀតត្រូវបានសម្លាប់ ខណៈយន្តហោះ និងរថក្រោះរបស់អ៊ីស្រាអែលបានវាយប្រហារផ្ទះ និងផ្លូវនានានៅជិតទីក្រុង al-Bureij និងទីក្រុង al-Nusseirat ។

ក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា បានសម្លាប់មនុស្ស ២៣នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបរបស់ប្រជាជនប៉ាឡេស្ទីន រយៈពេលពេញមួយយប់កើនឡើងដល់ជាង ១០០នាក់។

យ៉ាងណាម៉ិញ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍នៃឧប្បត្តិហេតុនៅតំបន់ Maghazi ហើយបានប្តេជ្ញាចិត្តកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល។ ស្របពេលនោះដែរ អ៊ីស្រាអែល បាននិយាយថា ក្រុមហាម៉ាស់ធ្វើប្រតិបត្តិការនៅតំបន់ដែលមានប្រជាជនរស់នៅច្រើន និងប្រើប្រាស់ជនស៊ីវិលជាខែលការពារខ្លួន ខណៈក្រុមហាម៉ាស់បានបដិសេធចំពោះការចោទប្រកាន់ខាងលើនេះ។

សូមជម្រាបថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២ម៉ឺននាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី ខណៈមនុស្សជាង ៥៤,០០០នាក់ផ្សេងទៀតរងរបួស។ ចំណែកខាងអ៊ីស្រាអែលវិញ មានមនុស្សជិត ១,២០០នាក់បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០នាក់ទៀតនៅតែស្ថិតក្នុងកណ្ដាប់ដៃរបស់ក្រុមហាម៉ាសនៅឡើយ៕

ប្រភព៖ CNA

Share.