ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្នុងចំណោមបក្ខពួក៣នាក់ក្រោយពី ធ្វើ សកម្មភាពលួចរថយន្តកាមរីបាឡែន មួយគ្រឿងបានសម្រេចកាលពីរំលងអធ្រាត្រ ចូលថ្ងៃ ទី០៩ ខែសីហា ឆ្នាំ២០២១ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្រោយពីលួចរត់យន្តបានហើយ ពួកគេបានព្យាយាមបើករត់គេច ទៅដល់មុខ ព្រលាន យន្តហោះ លើផ្លូវ105K ចំណុចភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ តែចៃដន្យរថយន្តអស់សាំង ហើយរេចង្កូតទៅបុកដុំថ្ម រលត់ទៅមុខលែងរួច ឈប់ចតស្ងៀម។ ពេលនោះជនសង្ស័យ២នាក់ គេចទៅបាត់ នៅសល់ម្នាក់នៅដេកក្នុងរថយន្ត កម្លាំងសមត្ថកិច្ច ខណ្ឌសែនសុខ និងខណ្ឌពោធិសែនជ័យ ទៅដល់ឃាត់ខ្លួនបានម្នាក់ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ។

រថយន្តដែលជនសង្ស័យលួច ម៉ាក កាមរីបាឡែនពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-4586 ។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តត្រូវបានជនសង្ស័យគ្នា៣នាក់ ធ្វើសកម្មភាព លួចយកចេញពីក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីរំលងអធ្រាត្រ ចូលថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០២១នេះ ក្រោយពីដឹងបាត់ភ្លាម ម្ចាស់រថយន្តបានរាយការណ៍ប្តឹងទៅសមត្ថកិច្ច។ ដោយរថយន្តមានភ្ជាប់បរព័ន្ធGPS ទើបតាមស្វែងរកស្រាប់តែប្រទះឃើញរថយន្តអស់សាំង នៅត្រង់ចំណុចមុខព្រលានយន្តហោះ លើផ្លូវ105K ភូមិក្បាលដំរី១ បុកដំថ្ម រងការខូចខាត បែកខ្ទេចផ្នែកខាងមុខធ្លាក់កាង។ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបានម្នាក់ កំពុងដេកលក់ ក្នុងរថយន្ត ចំណែកបក្ខពួក២នាម់ទៀតគេចខ្លួនបាត់ មុនសមត្ថកិច្ចទៅដល់ ។

បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅវេលាម៉ោង៤ព្រឹក ថ្ងៃទី០៩ ខែសីហា នេះគេឃើញរថយន្តកាមរីបាឡែន មួយគ្រឿងនេះ ជិះគ្នា៣នាក់ បើកៗអស់សាំង រលត់ រេចង្កូតទៅបុកដុំថ្ម រងការខូចខាត ហើយមានមនុស្ស២នាក់បានចាកចេញទៅបាត់ សល់ម្នាក់នៅដេកក្នុងរថយន្ត គ្មានអ្នកណាចាប់អារម្មណ៍ រហូតដល់ព្រឹកភ្លឺច្បាស់ទើបកម្លាំង សមត្ថកិច្ចផ្អើលឆោឡោ ជារថយន្តជនសង្ស័យលួច ។

ក្រោយពីរកឃើញរថយន្ត និងចាប់ខ្លួនជនសង្ស័យបានម្នាក់ សមត្ថកិច្ចនាំយកទៅផ្នែក ជំនាញខណ្ឌសែនសុខដើម្បីសាកសួរ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.