បាត់ដំបង៖ ផ្ទះមួយខ្នងជារបស់អតីតមេតុងទីនម្នាក់ដែលតុលាការព័ទ្ធហ៊ុមទុកចោល ក្នុងខេត្តបាត់ដំបង ត្រូវជនសតិមិនគ្រប់ចូលដុតបំផ្លាញចោល នៅអំឡុងម៉ោងជាង៣:០០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី ១ ក្នុងភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពពីពលរដ្ឋរស់នៅជិតទីតាំងកើតហេតុបានប្រាប់ឱ្យដឹងថា ផ្ទះដែលរងការបំផ្លិចបំផ្លាញនេះត្រូវបានតុលាការបិតទ្វារហ៊ុមព័ទ្ធទុកចោលជាច្រើនឆ្នាំហើយ ដែលមានទំហំផ្ទះ ១៥ម៉ែត្រ×៧ម៉ែត្រ សាងសង់អំពីថ្ម ដំបូលប្រក់ស័ង្កសី បានឆេះខូចខាតអស់ស្ទើរតែទាំងស្រុង ជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះ រស់ បូរិន ភេទប្រុស អាយុ ៥០ឆ្នាំរស់នៅក្នុងភូមិ ឃុំកើតហេតុ ជាអតីតមេតុងទីនម្នាក់។

ចំពោះសម្ភារ:ខូចខាតមានដូចជា គ្រែ សាឡុង ហង្សតេ ទូទឹកក រួមទាំងសម្ភារ:ផ្សេងៗជាច្រើនទៀតសរុបជាទឹកប្រាក់ប្រហាក់ប្រហែល ៧០០០ដុល្លា (ប្រាំពីរពាន់ដុល្លា)។

តាមសមត្ថកិច្ចបានឱ្យដឹងថា ករណីអគ្គិភ័យនេះគឺបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ០៤គ្រឿង ដើម្បីអន្តរាគមន៍។ តាមសម្តីជនបង្កឈ្មោះស៊ួង ស៊ីវ៉ាន់ថា ហៅ ចេក ភេទប្រុស អាយុ ៣៧ឆ្នាំ ដែលជាជនមានសតិមិនគ្រប់ បានប្រាប់ថានៅយប់កើតហេតុខ្លួនឃើញផ្ទះខាងលើបិតទ្វារទុកចោលជាយូរហើយ គ្មានម្ចាស់ក៏បានចូលទៅដុតលេងតាមចំណង់ចិត្តតែម្តងទៅ៕

អត្ថបទ៖ ដំបងក្រញូង

Share.