ត្បូងឃ្មុំ៖ ផ្លូវបេតុងដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ស្រុកកោះសូទិន ខេត្តកំពង់ចាម ​ត្រូវាបានទឹកហូរច្រោះដីបាក់ស្រុតចូលទន្លេមេគង្គ ប្រវែង២៥ម៉ែត្រ។ ការបាក់ស្រុតស្មារផ្លូវនេះស្ថិតនៅចំណុចចុងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។


មេឃុំទន្លេបិតទ លោក ភិន ឈុន បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៤នេះ ថាករណីស្រុតច្រាំង និងនាំយកស្មារផ្លូវបេតុង នៅចំណុចខាងលើនេះ តាំងពីថ្ងៃទី២៣ និង ២៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ គឺបានបាក់ស្រុតអស់ប្រវែង២៥ ម៉ែត្រ ។ បន្ទាប់ពីការបាក់ស្រុតផ្លូវនេះ លោកក៏បានជំរាបទៅ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំរួចមកហើយដែរ។

តាមលោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានឱ្យដឹងដែរថា ការបាក់ស្រុតច្រាំងទន្លេនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏ដូចជាអាជ្ញាធរខេត្ត បានលើកសំណើទៅក្រសួងហើយ និងបានដាក់ក្នុងផែនការទៅក្រសួងហិរញ្ញវត្ថុ ដើម្បីទំលាក់ថវិកាឱ្យខាងជំនាញជលសាស្ត្រ ចុះទុបច្រាំងទន្លេនេះ នាពេលខាងមុខឆាប់ៗនេះ ។ ហើយគម្រោងទុបច្រាំងនេះមានប្រវែង ២០០ម៉ែត្រ រួមទាំងច្រាំងបាក់ ដែលគម្រាមកំហែងដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ក្នុងភូមិទួលគរ ឃុំទន្លេបិទនេះផងដែរ៕

អត្ថបទ៖ សាន វិឡែម

Share.