អតីតរដ្ឋមន្រ្តីសុខាភិបាលវៀតណាម និងមនុស្ស ៣៧នាក់ផ្សេងទៀត បានឡើងតុលាការ នៅទីក្រុងហាណូយ នាថ្ងៃពុធ សប្ដាហ៍នេះ ពាក់ព័ន្ធសំណុំរឿងនៃការផលិត និងចែកចាយឧបករន៍ធ្វើតេស្ដកូវីដ១៩ ដែលមានតម្លៃថ្លៃជ្រុល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។

រឿងអាស្រូវដែលគេហៅថា The Viet A Scandal ដោយដាក់ឈ្មោះក្រុមហ៊ុនពាក់កណ្តាលឯកជន Viet A ដែលផលិតឧបករណ៍នេះ ត្រូវបានគេចោទប្រកាន់ថាបានរកឃើញមន្ត្រីជាន់ខ្ពស់វៀតណាម ជួយសម្របសម្រួលកិច្ចព្រមព្រៀងតម្លៃរាប់លានដុល្លារ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យ និងសហគមន៍ ជាមួយនឹងឧបករណ៍ធ្វើតេស្ដកូវីដ១៩ ក្នុងតម្លៃមួយដែលថ្លៃជ្រុលខ្លាំងពេក។

រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពីជនជាប់ចោទ ដែលពាក់ម៉ាស់ទាំងអស់ត្រូវបានអមដោយប៉ូលីសឯកសណ្ឋានទៅកាន់អគារតុលាការ ក្នុងទីក្រុងហាណូយ។

ក្នុងចំណោមពួកគេទាំងនោះ មានអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long ដែលត្រូវបានចោទប្រកាន់ពីបទទទួលសំណូកគិតជាទឹកប្រាក់ចំនួន ២.២៥លានដុល្លារអាមេរិក និងអតីតអភិបាលក្រុងហាណូយ លោក Chu Ngoc Anh ដែលត្រូវបានចោទប្រកាន់ពីបទ «រំលោភលើបទប្បញ្ញត្តិ ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ»។

ជុំវិញបញ្ហានេះ យ៉ាងហោចណាស់មន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញ ១០០នាក់ ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស ពាក់ព័ន្ធនឹងរឿងអាស្រូវនេះផងដែរ។

បើតាមការសន្និដ្ឋាន ក្រុមហ៊ុន Viet A រកចំណូលពីរឿងនេះ បានទឹកប្រាក់ប្រហែល ១៧២លានដុល្លារ ក្នុងនោះ៣៤លានដុល្លារ ទំនងជាត្រូវបានបង្វិលទៅក្នុងការសូកប៉ាន់មន្រ្តីរដ្ឋាភិបាល។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ក្រុមហ៊ុន Viet A បាននិយាយថា ខ្លួនផលិតឧបករណ៍ធ្វើតេស្តកូវីដ ចំនួន ៨.៧លានដើម អំឡុងវិបត្តិជំងឺរាតត្បាតរាតត្បាត ដោយភាគច្រើនត្រូវបានបញ្ជូនទៅកាន់ពេទ្យនៅទូទាំងប្រទេស។

នៅតុលាការយោធាក្នុងទីក្រុងហាណូយ កាលពីសប្តាហ៍មុន នាយកប្រតិបត្តិក្រុមហ៊ុន Phan Quoc Viet ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ពីបទបំពានអំណាច និងបំពានបទប្បញ្ញត្តិដេញថ្លៃ ដោយប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀត នៅឯការកាត់ក្តីរយៈពេល ៣សប្តាហ៍ ដែលបានចាប់ផ្តើមនាថ្ងៃពុធ នេះ។ កាល​ពី​ឆ្នាំ​មុន មន្ត្រី​ ៣នាក់​ត្រូវ​បាន​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ខណៈ​រាប់​សិប​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​យូរ​ពី​បទ​ទទួលសំណូកសូកប៉ាន់ និង​បទ​ចោទ​ពុក​រលួយ​ជុំវិញ​ការរៀបចំជើង​ហោះ​ហើរ​ធ្វើ​មាតុភូមិ​និវត្តន៍ប្រជាជនវៀតណាម ត្រឡប់មកពីក្រៅប្រទេសអំឡុងកូវីដ។ ចំណែកឆ្នាំ២០២២វិញ សភាវៀតណាមបានដកតំណែង ឧបនាយករដ្ឋមន្រ្តី២រូប គឺលោក Pham Binh Minh និង Vu Duc Dam។

គួររំលឹកថា ប្រទេសវៀតណាម ដំបូងឡើយត្រូវបានស្គាល់ទូទាំងពិភពលោកសម្រាប់វិធានការដ៏មានប្រសិទ្ធភាពរបស់ខ្លួនក្នុងការទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ១៩ ប៉ុន្ដែបែរជាផ្ទុះរឿងអាស្រូវរបស់មន្រ្តីរដ្ឋាភិបាលវៀតណាម ពាក់ព័ន្ធអំពើពុករលួយទៅវិញ។ យុទ្ធនាការបោសសំអាតអំពើពុករលួយនេះ ដែលដឹកនាំដោយអគ្គលេខាធិការ បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ក៏បានមើលឃើញប្រធានាធិបតីវៀតណាមមុន គឺលោក Nguyen Xuan Phuc លាលែងពីតួនាទីផងដែរ ដើម្បីទទួលខុសត្រូវចំពោះកំហុសឆ្គងផ្សេងៗ ដែលក្រុមមន្រ្តីរដ្ឋាភិបាលនៅក្រោមឱវាទ បានប្រព្រឹត្ត៕

ប្រភព៖ CNA

Share.