នៅព្រឹកថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ ក្លិបបាល់ទាត់ Chainat Hornbill សមាជិកលីគលំដាប់ទី២ របស់ប្រទេសថៃ បានប្រកាសនាំចូលកីឡាករ Clyde O’Connell សម្រាប់ជុំទី២ Thai League 2 រដូវកាល ២០២៣-២៤។

ក្លិបបាល់ទាត់ Chainat Hornbill ក្រោមការដឹកនាំរបស់លោក Sumeth Yooto កំពុងស្ថិតនៅលេខរៀងទី១៥ Thai League 2 ក្រោយឆ្លងកាត់ ១៧ប្រកួត ឈ្នះ៣ ស្មើ៤ និងចាញ់១០ មាន១៣ពិន្ទុ។

គួរដឹងថាកីឡាករ Clyde O’Connell សញ្ជាតិអៀរឡង់ កម្ពស់១.៨២ម៉ែត្ររូបនេះ លេងបាន២តំណែង ការពារផង បម្រើផង ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី២២ ខែកុម្ភៈ ក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០២២។

នៅឆ្នាំ ២០២៣ កីឡាករជនជាតិអៀរឡង់ ខាងលើបានផ្លាស់ទៅចូលរួមក្រុមបាល់ទាត់ Young Elephants FC នៃលីគកំពូលឡាវ ក្នុងលក្ខខណ្ឌខ្ចីជើង ពីព្រះខ័នរាជស្វាយរៀង ព្រមទាំងជួយឱ្យ Young Elephants ឈ្នះជើងឯកលីគកំពូលឡាវ Lao League 1 ឆ្នាំ២០២៣ ផងដែរ។

Clyde O’Connell មានវ័យ២៥ឆ្នាំ សម្រាប់បទពិសោធន៍ធ្លាប់លេងនៅលីគទី២ ប្រទេសអៀរឡង់ ជាមួយក្លិប Treaty United, Fairview Rangers, Limerick FC និង Regional United FC ជាដើម មុនផ្លាស់មកទឹកដីអាស៊ាន៕

Share.