បាត់ដំបង៖ ក្រុមក្មេងពីរក្រុមផឹកស៊ីជិតគ្នាស្រែកឡូឡាក្លាយជាទំនាស់ដល់ទាញកាំបិតកាប់របួសធ្ងន់ និងស្រាលចំនួន ២នាក់ ចុងក្រោយសមត្ថកិច្ចឃាត់ខ្លួនជាច្រើននាក់។

នគរបាលខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រើប្រាស់កាំបិតកាប់លើ ជនរងគ្រោះខាងលើ កម្លាំងបង្ក្រាបតាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ និងចុងក្រោយនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤នេះ សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនបានម្នាក់ទៀតជាជនដៃដល់ក្រោយធ្វើសកម្មភាពល្មើសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ រួចគេចខ្លួនមកសម្ងំពួននៅក្នុងភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង។

ករណីដដែលនេះក្រោយកើតឡើងភ្លាមៗកម្លាំងជំនាញបានចុះស្រាវជ្រាវឃាត់ខ្លួនបក្សពួកជនដៃដល់ជាច្រើននាក់បន្តបន្ទាប់កសាងសំណុំរឿងដោយនគរបាលខេត្តពោធិ៍សាត់ ចំណែកជនដៃដល់ដែលឃាត់ខ្លួនបាននៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង មានឈ្មោះព្រិន ស៊ត ហៅប្រុស អាយុ ២៨ឆ្នាំរស់នៅក្នុងភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

នគរបាលខាងលើបន្តថា កាលពីរំលងអាធ្រាតថ្ងៃទី ២ ឈានចូលថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៤ កន្លងមកនេះត្រង់ចន្លោះគីឡូម៉ែត្រលេខ២០៦-២០៧ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានក្មេងមួយក្រុមបានផឹកស៊ីហើយស្រែកឡូឡាឥតកោតក្រែងគេឯង ជាមួយនោះក៏មានក្រុមក្មេងមួយទៀតមានគ្នាចំនួន ០៤នាក់ដែលផឹកស៊ីក្បែងរោងគ្នាបានដើរមកប្រាប់ថាកុំស្រែកឡូឡាខ្លាំងពេកព្រោះរំខានពួកគេ ប៉ុន្តែក្រុមក្មេងជនរងគ្រោះនៅតែបន្តស្រែកខ្លាំងៗដដែលមិនខ្វល់ពីអ្នកណាឡើយ ឃើញដូច្នេះជនដៃដល់បានស្រែកតបថា មើលកាប់អានេះមួយមើល ហើយក៏ជិះម៉ូតូទៅយកកាំបិត បន្ទាប់ពីត្រឡប់មកវិញបានឃេីញក្រុមជនរងគ្រោះប្រុងនាំគ្នាជិះម៉ូតូចេញ ស្រាប់ក្រុមជនបង្កដេញតាមកាប់ផ្អើលតែម្តង បណ្តាល ឱ្យរងរបួសធ្ងន់ និងស្រាលចំនួន ២នាក់។

ពេលនេះកម្លាំងនគរបាលខេត្តបាត់ដំបង បានរៀបចំសំណុំរឿងរួចប្រគល់ទាំងជនសង័្សយ ទាំងវត្ថុតាងម៉ូតូទៅឲ្យនគរបាលខេត្តពោធិ៍សាត់ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.