កំពង់ធំ៖ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកគ្រប់គ្រងទីលានទុកដាក់សំរាម បានដឹកនាំក្រុមការងារចុះពិនិត្យដំណេីរការនៃការចាក់សំរាមលេីកដំបូង នៅទីលានទុកដាក់សំរាម ដែលមានទីតាំងស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ ដែលទីលានទុកដាក់សំរាមនេះ មានទំហំ២០ហិចតា កសាងឡេីងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាសុី (ADB) ដើម្បីលើកស្ទួយសោភ័ណភាព ក្រុង និងខេត្ត។

 ឯកឧត្តម ជា វ៉ាន់ចាន់ បានថ្លែងថា នេះជាថ្ងៃលើកដំបូងដែលទីលានទុកដាក់សំរាម បានដំណេីរការទទួលយកសំរាម ពីក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងស្ទឹងសែន និងតាមទីផ្សារធំៗក្នុងខេត្ត ពិសេសពេលដឹកជញ្ជូនសំរាមមកដល់ទីលានត្រូវតែថ្លឹងទំងន់ជាមុនសិន មុននឹងយកសំរាមទៅចាក់ក្នុងអាងសំរាម ហេីយពេលត្រឡប់ចេញពីអាងសំរាម ត្រូវតែលាងរថយឱ្យស្អាតជាមុនសិន មុនថ្លឹងសំបករថយន្ត ការធ្វើបែបនេះគឺដើម្បីជៀសវាងរថយន្តមានក្លិនស្អុយពេលបេីកបរតាមទីសាធារណ:។


      
 ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា ដើម្បីធានាបាននូវសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែគិតគូរពីបរិស្ថាន និងការទុកដាក់សំរាមប្រកបដោយអនាម័យ ជៀសវាងការឆ្លងជំងឺផ្សេងៗដល់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀតរដ្ឋបាលខេត្តកំពង់ធំ បានបង្កើតទីតាំងដ៏ធំទូលាយនេះ ដើម្បីដឹកជញ្ជូនសំរាមពីក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ទៅទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ជាមួយក្រុមហ៊ុនដឹកជញ្ជូនសំរាម។

ជាចុងក្រោយឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែចេះវេចខ្ចប់សំរាមដាក់ក្នុងបេ ឬថង់ឱ្យបានត្រឹមត្រូវ នៅតាមមុខផ្ទះងាយស្រួលឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាមប្រមូលបានស្អាត ដើម្បីឱ្យមានសោភ័ណភាពក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ហើយក៏សូមឱ្យអាជ្ញាធរទាំងអស់ ជួយផ្សព្វផ្សាយបន្ថែមពីសុវត្ថិភាពការទុកដាក់សំរាម ឱ្យមានសណ្ដាប់ធ្នាប់ល្អ និងចេះដាក់ទៅតាមផ្នែកនីមួយៗនៃសំរាម កុំឱ្យឆ្លងជំងឺដល់បងប្អូនប្រជាពលរដ្ឋតាមរយៈសំរាម៕


អត្ថបទ៖ កំពង់ធំ

Share.