ស្វាយរៀង ៖ សាកសពបុរសម្នាក់ ជាជនជាតិចិន មានស្នាមរបួស បាក់ឆ្អឹងជំនីខាងឆ្វេង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងប្រឡាយទឹក សង្ស័យជាករណីឃាតកម្ម វាយសម្លាប់ហើយយកទៅបោះក្នុងប្រឡាយ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

សាកសពបុរសខាងលើ មិនស្គាល់អត្តសញ្ញាណ សម្បុរសណ្ដែកបាយ កម្ពស់១,៧៨ម៉ែត្រ ពាក់អាវយឺតដៃខ្លីពណ៌ប្រផេះ ស្លៀកខោជើងវែងពណ៌ខ្មៅ នៅដើមដៃឆ្វេងផ្នែកខាងក្នុងមានចាក់សាក់អក្សរចិនចំនួន០៣តួ ដែលប្រែជាភាសាខ្មែរថា(ហ្វាន់ ជាហ្វៃ) និងរូបក្បាលខ្មោចនៅដើមដៃខាងឆ្វេង ដែលគេសង្ស័យជាជនជាតិចិន។

ក្រោយពីប្រទះឃើញ កម្លាំងសមត្ថកិច្ច ជំនាញ គ្រូពេទ្យ ធ្វើការពិនិត្យកោសល្យវិច័យ ស្លាកស្នាមនៅលើដងខ្លួនសាកសព ផ្នែកក្បាល នៅលើផ្ទៃមុខផ្នែកខាងឆ្វេង ស្នាមជាំភ្នែកខាងឆ្វេង មានស្នាមជាំនៅលើដើមទ្រូងខាងឆ្វេង, បាក់ឆ្អឹងជំនីឆ្វេងអស់២ ស្នាមជាំចំនួន០៣កន្លែង ។ ហើយគ្រូពេទ្យធ្វើការពិនិត្យតេស្ត សពមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន។

ក្រោយពីពិនិត្យកោសក្យវិច័យរួច សាកសពត្រូវបានសមត្ថកិច្ចដឹកយកទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.