កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្រោយពីប្រើហិង្សាជាមួយប្រជាការពារភូមិម្នាក់ បណ្តាលឱ្យរបួសក្បាល​ ដៃកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២២:០០នាទី ស្ថិតនៅចំណុចភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ ផន សុខឃីម ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះ ហេង សារីម ហៅអឹម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិត្បូងក្ដី ឃុំបារគូស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១០:០០នាទី ជនរងគ្រោះ ជាមួយគ្នីគ្នា២នាក់ទៀត បានជិះម៉ូតូ០២គ្រឿងចេញពីការគេនៅភូមិឃ្មុត ឃុំបារគូ ហើយនាំគ្នាជិះតាមផ្លូវភូមិវាលកណ្តោល ដើម្បីដើរល្បាតតាមភូមិផង (ប្រជាការពារភូមិ) លុះជនរងគ្រោះជិះដល់មុខវត្តព្រៃរោង ស្ថិតនៅភូមិត្បូងក្តី ឃុំបារគូ ជនរងគ្រោះក៏បានជួបនិងជនសង្ស័យ កំពុងឈរបំភ្លឺពិលរកត្រីនៅខាងមុខវត្ត ពេលនោះជនរងគ្រោះបានសួរនាំជនសង្ស័យ ថាមានឃើញអ្នកណាយកសៃយឺនបងអត់ ហើយជនសង្ស័យឆ្លើយថា “ខ្ញុំអត់ដឹងទេ” រួចជនរងគ្រោះបានសួរទៀតថាថ្ងៃមុនខ្ញុំឃើញឯងជនសង្ស័យជញ្ជូនស្រូវគេ លុះពេលយប់ឯងមានស្រែនៅនឹងមែនបានម៉ោង១០យប់ហើយ អត់ដេកអត់ពួន ភ្លាមនោះជនសង្ស័យបានខឹងច្រឡោត ក៏បានហក់វាយជនរងគ្រោះមួយពិលចំក្បាល និងបានយកពិលគប់មកលើជនរងគ្រោះថែមទៀត បណ្តាលឱ្យចំក្បាលដដែល ពេលនោះគ្នីគ្នា២នាក់ទៀតបានចូលទៅជួយឃាត់ពួកគេចេញពីគ្នា តែជនសង្ស័យក៏បានហក់មកខាំម្រាមដៃចង្អុលខាងឆ្វេងជនរងគ្រោះថែមទៀតផង ភ្លាមនោះជនរងគ្រោះក៏បានយកដំបងក្រលាស់វាយទប់ស្កាត់ទៅលើជនសង្ស័យដើម្បីការពារខ្លួនវិញដែរ បន្ទាប់មកគ្នីគ្នា២នាក់ក៏បានជួយឃាត់ចាប់ចេញពីគ្នាទៅក្រោយ រួចជនរងគ្រោះបានជិះម៉ូតូមកផ្ទះទៅ ចំណែកជនសង្ស័យបានឡើងជិះម៉ូតូទៅផ្ទះបាត់ទៅ។

លុះព្រឹកថ្ងៃទី០៨ ខែឆ្នាំដដែល ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ ក្រោយពីទទួលបានបណ្តឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទ៖ កណ្តាល

Share.