បាត់ដំបង៖ សមត្ថកិច្ចចម្រុះឆ្មក់បង្ក្រាបបទល្មើសនេសាទ សាច់មងក្រឡាល្អិត ក្នុងដែនអភិរក្សអតីតឡូតិ៍លេខ ២ ដកហូតបានវត្ថុតាងជាច្រើន យកមកដុតបំផ្លាញចោល កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៤កន្លងទៅ។

នគរបាលការិយាល័យជំនាញនៃស្នងការខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងចម្រុះច្រើនអង្គភាព រួមទាំងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជាច្រើននាក់ផងដែរ បានសហការគ្នាចុះឆ្មក់បង្ក្រាបបទល្មើសនេសាទចំនួន ៥ករណី ស្ថិតនៅត្រង់ចំណុចព្រែកស្ពត ចំណុចកោះចេះ កោះត្រស កោះក្រង និងចំណុចកោះអ្នកតា ជាអតីតឡូត៍នេសាទលេខ២ ក្មុងតំបន់រ៉ាមសារព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

យុទ្ធនាការទប់ស្កាត់បទល្មើសនេះ កម្លាំងចម្រុះបង្ក្រាបរឹបអូសបានវត្ថុតាងជាច្រើនរួមមាន សាច់មងក្រឡាល្អិតប្រវែង៤ ២០០ម៉ែត្រ, ឡុកសម្រាប់ត្រីចំនួន ១២ឡុក, បង្គោលឈើសម្រាប់ចងភ្ជាប់សាច់មងចំនួន ១ ៨០០ដើម និងបានលែងកូនត្រីពូជជាច្រើនប្រភេទចូលក្នុងបឹងទន្លេសាបវិញចំនួន ៥០គីឡូក្រាម។

បច្ចុប្បន្ន វត្ថុតាងដកហូតបានត្រូវបានកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង រីឯជនល្មើសបានរត់គេចខ្លួនបាត់ ដោយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួន ដើម្បីមកទទួលខុសត្រូវតាមផ្លូវច្បាប់៕

អត្ថបទ៖ដំបងក្រញូង

Share.