នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កូនកាត់ខ្មែរ-អាមេរិក គឺកីឡាករ Micah Burton បានចុះកុងត្រារយ:ពេល ៤ឆ្នាំ ជាមួយក្រុមបាល់ទាត់ Austin FC នៅលីគកំពូលអាមេរិក Major League Soccer ត្រៀមសម្រាប់រដូវកាល ២០២៤។

បច្ចុប្បន្ន Micah Burton មានវ័យ១៧ឆ្នាំ គឺជាយុវជនថ្នាលរបស់ក្រុមបាល់ទាត់ Austin FC តាំងពីឆ្នាំ ២០២០ ពោលគឺនៅវ័យ ១៤ឆ្នាំមកម្ល៉េះ ក្រោយមកនៅឆ្នាំ ២០២៣ រូបគេក៏ត្រូវបានដំឡើងទៅឈុត Austin FC II ដើម្បីប្រកួតប្រជែងនៅ MLS Next Pro។

កីឡាករ Micah Burton មានម្តាយជាជនជាតិខ្មែរ និងឪពុកជនជាតិអាមេរិក កើតនៅរដ្ឋ Minnesota ភាគខាងលិចនៃសហរដ្ឋអាមេរិក។ ហើយកាលពីពេលថ្មីៗនេះ រូបគេក៏បានជាប់ជម្រើសជាតិសហរដ្ឋអាមេរិកអាយុក្រោម១៧ឆ្នាំ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup U-17 នៅប្រទេសឥណ្ឌូនេស៊ី ផងដែរ។

គួរដឹងថាក្រុមបាល់ទាត់ Austin FC ក្រោមការដឹកនាំរបស់លោក Josh Wolff បញ្ចប់រដូវកាល ២០២៣ ស្ថិតនៅលេខរៀងទី១២ ក្នុងចំណោមក្រុមទាំង១៤ ក្នុងលីគកំពូលអាមេរិក Major League Soccer ក្រោយឆ្លងកាត់ ៣៤ប្រកួត ឈ្នះ១០ ស្មើ៩ និងចាញ់១៥ មាន៣៩ពិន្ទុ៕

Share.