បាត់ដំបង÷ អ្នកចម្រៀងតាមហាងក្នុងខេត្តបាតដំបងម្នាក់ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូធំបោះពួយលឿនក្នុងទីប្រជុំជន ជ្រុលបុកជាមួយរថយន្តមួយគ្រឿងទៀតពេលកំពុងបត់ឆ្វេង​ កាលពីវេលាម៉ោងជិត ១១:០០នាទីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤ ឋិតនៅតាមបណ្តោយផ្លូវភ្លោះត្រង់ផ្លូវបំបែកទល់មុខបុរីរតន: ក្នុងភូមិរំចេក ៣ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពពីលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគាត់ប្រទះឃើញរថយន្តមួយគ្រឿងម៉ាកកាម៉ារីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ ២R-៥៧៤៥ បានធ្វើដំណើរតាមបណ្តោយផ្លូវភ្លោះពីលិច ទៅកើតលុះដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេង ដៅឆ្ពោះទៅទិសខាងលិចវិញ គាប់ជួនពេលនោះម៉ូតូរបស់ជនរងគ្រោះដែលធ្វើដំណើរពីកើត ទៅលិចយ៉ាងលឿន ក៏បានបុករថយន្តដែលកំពុងបត់ទាំងកំរោលតែម្តង បណ្តាលឱ្យរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែដោយសារការប៉ះទង្គិចធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤នេះ។

បច្ចុប្បន្ន នគរបាលជំនាញកំពុងអនុវត្តតាមផ្លូវច្បាប់លើភាគីរថយន្ត ក្រោយបើកបរបង្កឱ្យមានអ្នកស្លាប់បែបនេះ៕

អត្ថបទ៖ ដំបងក្រញូង

Share.