គិតត្រឹមថ្ងៃអាទិត្យ សប្ដាហ៍មុន សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់ដំណាក់កាលដ៏អាក្រក់មួយក្នុងរយៈពេល ១០០ថ្ងៃកន្លងមកនេះ ជាមួយនឹងការស្លាប់របស់ជនស៊ីវិលកាន់តែច្រើននៅក្នុងតំបន់ហ្គាហ្សា ហើយសាច់ញាតិនៃចំណាប់ខ្មាំងរាប់សិបនាក់ នៅតែរង់ចាំការដោះលែងរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។

អង្គការសហប្រជាជាតិនិយាយថា ប្រហែល ៨៥ភាគរយនៃចំនួនប្រជាជននៅលើទឹកដីនេះត្រូវបានផ្លាស់ទីលំនៅ កង្វះខាតក្នុងការទទួលបានអាហារ ទឹក ប្រេងឥន្ធនៈ និងការថែទាំវេជ្ជសាស្រ្ត។

បើតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា ការវាយប្រហាររបស់អ៉ីស្រាអែលទាំងតាមជើងគោក និងអាកាស បានសម្លាប់មនុស្ស ២៣,៨៤៣នាក់ នៅក្នុងតំបន់ហ្កាហ្សា ក្នុងនោះភាគច្រើនជាជនស៊ីវិល ចាប់តាំងពីកងទ័ពអ៉ីស្រាអែលធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសដែលបានសម្លាប់មនុស្ស ១,១៤០នាក់ និងចាប់ខ្លួនមនុស្សជាង ២០០នាក់ ជាចំណាប់ខ្មាំង ក្នុងការវាយប្រហារលើភាគខាងត្បូងរបស់អ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

បើតាមលោក Mohammad Kahil បានភៀសខ្លួនចេញពីទីលំនៅ ទៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា ក្បែរប្រទេសអេហ្ស៊ីប បាននិយាយថា «វាមានរយៈពេល ១០០ថ្ងៃហើយ ហើយស្ថានភាពរបស់យើង គឺអាក្រក់ខ្លាំងណាស់។ ពួកយើងគ្មានអាហារ គ្មានទឹក គ្មានកំដៅ យើងកំពុងចាំស្លាប់ដោយសារភាពត្រជាក់»។

ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា «គ្មាននរណាម្នាក់អាចបញ្ឈប់ពួកយើងបានឡើយ ហើយមិនថា តុលាឡេអេ សម្ព័ន្ធបិសាច ឬក៏នរណាក៏ដោយក៏មិនអាចបញ្ឈប់ពួកយើងបានដែរ»។

ការលើកឡើងរបស់លោក Netanyahu នេះ ក៏ចង់សំដៅលើរឿងក្ដីដែលអាហ្វិ្រកខាងត្បូងប្ដឹងអ៉ីស្រាអែល ឡើងតុលាការយុត្តិធម៌អន្តរជាតិ ជុំវិញការចោទប្រកាន់ថា អ៉ីស្រាអែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សាផងដែរ ប៉ុន្តែអ៉ីស្រាអែល បានច្រានចោល ការចោទប្រកាន់បែបនេះ។

លោក Philippe Lazzarini ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា «ជំងឺកំពុងរីករាលដាល ហើយពេលវេលាកំពុងដើរយ៉ាងលឿនឆ្ពោះទៅរកគ្រោះទុរ្ភិក្ស»។

ដោយឡែក អំពើហឹង្សាដែលពាក់ព័ន្ធនឹងក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន លីបង់ អ៊ីរ៉ាក់ និងស៊ីរី បានផ្ទុះឡើងចាប់តាំងពីសង្រ្គាមនៅតំបន់ហ្គាហ្សាបានចាប់ផ្តើមកាលពីដើមខែតុលា ឆ្នាំ២០២៣។ ខណៈជម្លោះដែលបង្កឡើងដោយការវាយប្រហារ មិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែល បានបង្កើតគ្រោះមហន្តរាយមនុស្សធម៌សម្រាប់ប្រជាជន ២.៤លាននាក់ នៅក្នុងតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដោយអង្គការសហប្រជាជាតិ និងក្រុមផ្តល់ជំនួយបានព្រមាន និងព្រួយបារម្ភខ្លាចសង្រ្គាមអូសបន្លាយពេលយូរ៕

ប្រភព៖ CNA

Share.