បាត់ដំបង៖ សមត្ថកិច្ចបើកការបង្ក្រាបនាំខ្លួនមនុស្សចំនួន ៣៦នាក់ពាក់ព័ន្ធការប្រើប្រាស់ឧករណ៍នេសាទខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប ខេត្តបាត់ដំបង។

នគរបាលការិយាល័យជំនាញបានបញ្ជាក់ឲ្យដឹងថា÷ ប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់បែបភ្លៀងរលឹមខាងលើធ្វើឡើងរយ:ពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី ១៣ និងថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ ត្រង់ភូមិសាស្ត្រតំបន់អូរពាក់កន្ទេល, តំបន់អន្លង់បី, ព្រែកដា និងតំបន់អន្លង់តាឆន (អតីតឡូត៍នេសាទលេខ២) ក្នុងតំបន់រ៉ាមសារព្រែកទាល់ឃុំកោះជីវាំង ស្រុកឯកភ្នំ ខខេត្តបាត់ដំបង។

យុទ្ធនាការបង្ក្រាបជាក់ស្តែងនេះកម្លាំងចម្រុះ ព្រមទាំងមន្ត្រីពាក់ព័ន្ធដកហូតបានវត្ថុតាងជាច្រើនរួមមាន: សាច់ម៉ងប្រវែង ១៤,៣៥០ម៉ែត្រ ឧបករណ៍ឡុកដាក់ត្រីចំនួន ៤៥ឡុក បង្គោលឈើចំនួន ៨០០ដើម បានលែងកូនត្រីពូជចម្រុះជាង ៣០០គីឡូក្រាម ដោយអនុវត្តវិធានការកាប់បំផ្លាញ ហើយដុតកម្ទេចចោលនៅហ្នឹងកន្លែង។

កម្លាំងនគរបាលបានបន្ថែមដែរថា÷ ជាមួយករណីបង្ក្រាបនេះដែរសមត្ថកិច្ចឃាត់ខ្លួនបានអ្នកពាក់ព័ន្ធផ្ទាល់ចំនួន ៣៦នាក់ ក្នុងនោះចំនួន ៤នាក់បានប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់បានប្រគល់ឲ្យផ្នែករដ្ឋបាលជលផលចាត់ការបន្តតាមនីតិវិធី រីឯចំនួន ៣២នាក់ទៀតតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពខុសច្បាប់ផ្សេងៗ រួចតម្រូវឲ្យមានអ្នកធានាមកធានាដើម្បីវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ៕

អត្ថបទ៖ ដំបងក្រញូង

Share.