អ្នកដំណើរតាមជើងហោះហើរ IndiGo ម្នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុននេះ បន្ទាប់ពីបុរសម្នាក់នោះ បានវាយប្រហារលើអ្នកបើកយន្តហោះជុំវិញការពន្យារពេលហោះហើរចំពេលមានអ័ព្ទក្រាស់ៗ កំពុងរំខានសេវាកម្មសាធារណៈនានា នៅភាគខាងជើងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤។

នៅក្នុងវីដេអូដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឱ្យឃើញថា មានបុរសម្នាក់ពាក់អាវពណ៌លឿង ដើរទៅកាន់អ្នកបើកយន្តហោះដែលកំពុងកាន់មៃក្រូជូនដំណឹងដល់អ្នកដំណើរ។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅលើបណ្ដាញសង្គម X ថា សុវត្ថិភាពអតិថិជន និងក្រុមការងាររបស់ខ្លួន គឺជារឿងសំខាន់បំផុត ហើយក្រុមហ៊ុនយើងមិនអត់ឱនចំពោះអាកប្បកិរិយាណា ដែលបង្កភាពអសន្ដិសុខនោះទេ ដោយរឿងនេះជាការទទួលយកមិនបាន។ បើតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា ជើងហោះហើរនេះ គឺចេញដំណើរពីទីក្រុង Delhi ទៅ រដ្ឋធានី​ Goa ប្រទេសឥណ្ឌា។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បុរសនេះត្រូវបានចាប់ខ្លួន ហើយក្រោយមកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។

យោងតាមគេហទំព័រតាមដានការហោះហើរ FlightStats ជើងហោះហើរ IndiGo ត្រូវបានពន្យារពេលជិត ១០ម៉ោងឯណោះ ដោយសារបញ្ហាអាកាសធាតុក្នុងប្រទេស។ ជើងហោះហើរនេះត្រូវបានគ្រោងនឹងចាកចេញពីទីក្រុង Delhi នៅម៉ោង ៧:៤០នាទីព្រឹក (ម៉ោងក្នុងស្រុក) ប៉ុន្ដែ​បានចេញ​ដំណើរ​នៅម៉ោង ៥.៣០​ល្ងាច​វិញ៕

ប្រភព៖ CNA

Share.