​កណ្តាល៖ សមត្ថកិច្ចចម្រុះខេត្តកណ្តាលបានប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាប ក្មេងស្ទាវបានចំនួនជាង១០នាក់ និងកំពុងបន្តស្វែងរកក្មេងស្ទាវជាបក្ខពួកជាង១០នាក់ទៀត ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីធ្វើឱ្យខូចខាតដោយចេតនាលើជនរងគ្រោះដែលជាជាងជួសជុលម៉ូតូស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ផ្ទះជនរងគ្រោះ។

តាមរបាយការណ៍របស់សមត្ថកិច្ចក្រុមក្មេងស្ទាវទាំងនេះ បានធ្វើសកម្មភាពហិង្សាបំផ្លាញទ្រព្យសម្បត្តិជនរងគ្រោះចំនួន ៣លើក ដោយមានករណីខ្លះពួកគេបាញ់គ្រាប់ចម្ពាមកៅស៊ូចូលផ្ទះជនរងគ្រោះ និងពេលខ្លះយកដុំថ្មគប់ចូលផ្ទះតែម្តង។ និងករណីខ្លះទៀត បានយកកាំបិតផ្គាក់ ដាវ ដែកទីប វាយជញ្ជាំងនិងទ្វារផ្ទះជនរងគ្រោះទាំងយប់ក៏មាន។

រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្រុមខាងលើបានធ្វើសកម្មភាពម្តងទៀត ទើបសមត្ថកិច្ចឈានដល់ការធ្វើស្រាវជ្រាវឃាត់ខ្លួនបានចំនួនជាង១០នាក់ ។

វត្ថុតាងរបស់ជនសង្ស័យធ្វើសកម្មភាពបង្កហេតុ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងអស់គ្នាបានសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាជិះចេញពីសាលាវិទ្យា ល័យស្អាង ទៅតាមឈ្មោះ ហុង(ធំ) ទៅធ្វើសកម្មភាពយកដុំថ្មគប់ និងបាញ់ចម្ពាមកៅស៊ូ ទៅលើផ្ទះជនរងគ្រោះជួសជុលម៉ូតូឈ្មោះ រិន សាវុធ ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖កណ្តាល

Share.