ភ្នំពេញ៖ លោក ប៉ុក សុវណ្ណមុន្នី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤​នេះ បានសម្រេចឃុំខ្លួនមនុស្ស ៣ នាក់ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាង ២ គីឡូក្រាម។

ជនសង្ស័យទាំង៣នាក់ រួមមាន ១.ឈ្មោះ ចាន់ ណារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ, ២.ឈ្មោះ  នឹង ចាន់ជំនោរ ហៅ ឆេកូ ភេទប្រុស អាយុ៤០ឆ្នាំ, ទី២.ឈ្មោះ សាន ម៉ៅ ហៅហ្គាស់ ភេទប្រុស អាយុ ៤៣ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនជាក់ស្ដែង កាលពីថ្ងៃ ទី១០ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏ សែនជ័យ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះសមត្ថកិច្ចចាប់យកបានវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា ចំនួន២១កញ្ចប់(៤កញ្ចប់ធំ) សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន (ដបកែច្នៃ) ជញ្ជីងថ្លឹង០២ គ្រឿង សម្ភារ:វេចខ្ចប់និងថង់ច្រកមួយចំនួន។

បន្ទាប់មកព្រះរាជអាជ្ញាអនុញ្ញាតឱ្យពន្លាតសមត្ថកិច្ចដែនដីទៅខេត្តកំពង់ស្ពឺ ដោយបានចុះឆែកឆេរដល់ផ្ទះជនសង្ស័យ សាន ម៉ៅ ហៅហ្គាស់ ជាមេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅភូមិស្រែចិន្តា សង្កាត់ព្រះស្រែ ស្រុកឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ រកឃើញវត្ថុតាងដែលជនសង្ស័យបានកប់លាក់ទុកក្នុងដី នូវក្រាមពណ៌សថ្លាចំនួន ១០កញ្ចប់ធំបន្ថែមទៀត សរុបដកហូតបាន ក្រាមពណ៌សថ្លាចំនួន ៣១កញ្ចប់តូចធំ ស្មើនឹងជាង ២គីឡូក្រាម (២០៤០,៩១ក្រាម)។

សូមជម្រាបជូនថា កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ០៣នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង ២គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ក្រាបក្នុងរាជធានីភ្នំពេញ និងពន្លាតដែនសមត្ថកិច្ចទៅបង្ក្រាបដល់ខេត្តកំពង់ស្ពឺ៕

អត្ថបទ៖ចតុមុខ

Share.