បាត់ដំបង÷ កម្លាំងនគរបាលស្រុករតនមណ្ឌលកំពុងបន្តស្រាវជ្រាវក្រោយមានហេតុការណ៍ភ្លើងឆេះដីចម្ការរបស់ប្រជាពលរដ្ឋជាច្រើនហិកតាខូចខាតអស់ដើមមៀន និងដើមស្វាយជិត១០០០ដើម។

កសិករនៅក្បែរទីតាំងកើតហេតុបាននិយាយថា ករណីអគ្គិភ័យឆាបឆេះរាលពីចម្ការមួយទៅចម្ការមួយខាងលើនេះបានកើតឡើងនៅអំឡុងម៉ោងជិត ៤:០០នាទីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចក្នុងភូមិបរិបូរណ៍ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ប្រភពដដែលបញ្ជាក់បន្ថែមថា ដំបូងឡើយគេបានភ្លើង និងផ្សែងខ្មៅខ្មួលខ្មាញ់បានឆេះបោកបក់ និងរាលពេញបន្ទុកនៅត្រង់ដីចម្ការកម្មសិទ្ធរបស់ឈ្មោះទិត្យ សាវន ភេទស្រី អាយុ ៤៥ឆ្នាំ មានទីលំនៅក្នុងក្រុងបាត់ដំបង បានប៉ះពាល់លើផ្ទៃដីប្រមាណជា ៥ហិចតា ហើយធ្វើអោយខូចខាតដើមមៀន និងស្វាយ ប្រហែល ៤០០ដើម រួចអណ្តាតភ្លើងបានរាលឆេះបន្តរហូតដល់ដីចម្ការរបស់កសិករចំនួន ២ម្ចាស់ផ្សេងទៀតសរុបផ្ទៃដីជាង ៣ហិកតាបន្ថែមនិងបានប៉ះពាល់ខូចខាតដំណាំស្វាយចំនួន ៣៥០ដើមទៀត។

គ្រោះភ្លើងឆេះចម្ការដំណាំរបស់ប្រជាពលរដ្ឋនេះមកទល់ពេលនេះនៅមិនទាន់ដឹងពីមូលហេតុឲ្យពិតប្រាកដនៅឡើយទេ ប៉ុន្តែតាមចំណាំកន្លងមកករណីដូចនេះតែងកើតឡើងច្រើនតែបង្កដោយក្រុមមនុស្សមួយចំនួនតូចអុជភ្លើងដើម្បីយកឃ្មុំ ឬជក់បារីហើយបោះកន្ទុយបារីចោលមិនប្រយ័ត្នក៏កើតជាអគ្គិភ័យឡើងតែម្តង៕

អត្ថបទ÷ ដំបងក្រញូង

Share.