(WEST BANK/GAZA/DOHA)៖ ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃអង្គារ (៣០ មករា) ថា ខ្លួនបានទទួល និងកំពុងសិក្សាសំណើសម្រាប់បទឈប់បាញ់ថ្មី និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា បន្ទាប់ពីកិច្ចពិភាក្សាជាមួយអ៊ីស្រាអែល បានកើតឡើងដោយមានគំនិតផ្ដួចផ្ដើមសន្ដិភាពពីសំណាក់ក្រុមអ្នកសម្រុះសម្រួល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។

សំណើ​បទ​ឈប់​បាញ់​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ក្នុង​ទីក្រុង​ប៉ារីស ​ដោយមានការចូលរួម​ពី​ប្រធានក្រុមចារកម្មមកពីអ៊ីស្រាអែល សហរដ្ឋអាមេរិក និង​អេហ្ស៊ីប ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​កាតា។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងាររ៉យទ័រ ថា សំណើនេះពាក់ព័ន្ធនឹងបទឈប់បាញ់ ៣ដំណាក់កាល នៅពេលដែលក្រុមនេះ នឹងដោះលែងជនស៊ីវិល ដែលនៅសេសសល់ជាលើកដំបូងក្នុងចំណោមចំណាប់ខ្មាំងដែលខ្លួនចាប់ បានកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុននេះ បន្ទាប់មកដោះលែងទាហាន និងចុងក្រោយប្រគល់សាកសពចំណាប់ខ្មាំងដែលត្រូវបានសម្លាប់។ យ៉ាងណាម៉ិញ មន្ត្រី​ក្រុមហាម៉ាស់​ រូបនេះ មិន​បាន​បញ្ជាក់​ថា ​តើ​ដំណាក់កាល​នេះ​នឹង​មាន​រយៈពេល​ប៉ុន្មាន ឬ​អ្វី​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ធ្វើអ្វី​តាម​ដំណាក់កាល​នោះ​ទេ។

ទាក់ទិននឹងបញ្ហានេះ ប្រធានក្រុមហាម៉ាស់លោក Ismail Haniyeh បាននិយាយថា លោកនឹងទៅកាន់ទីក្រុងគែរ នៃប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាពីសំណើរនេះ ដែលនេះជាដំណើរទស្សនកិច្ចជាសាធារណៈលើកដំបូងរបស់លោកនៅទីនោះអស់រយៈពេលជាង ១ខែ។

ប៉ុន្តែយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្តេជ្ញាជាថ្មីម្តងទៀតថា នឹងមិនដកកងទ័ពចេញពីតំបន់ហ្គាហ្សា ឡើយ រហូតដល់ទទួលបានជ័យជម្នះទាំងស្រុង។

អ៊ីស្រាអែល ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៦,០០០នាក់មកទល់ពេលនេះ នៅក្នុងសង្រ្គាមដែលក្រុមហាម៉ាសជាអ្នកបង្កឡើង បាននិយាយថា ខ្លួននឹងមិនបញ្ឈប់ការប្រយុទ្ធគ្នាឡើយ រហូតទាល់តែក្រុមសកម្មប្រយុទ្ធដែលបានគ្រប់គ្រងតំបន់ហ្គាហ្សា តាំងពីឆ្នាំ២០០៧ ត្រូវបានលុបបំបាត់ទាំងស្រុង។

ជុំវិញបញ្ហានេះដែរ លោក Netanyahu ស្ថិតនៅក្រោមសម្ពាធពីសម្ព័ន្ធមិត្តអាមេរិក ដើម្បីរៀបចំផ្លូវឆ្ពោះទៅរកការបញ្ចប់សង្រ្គាម ហើយសម្ពាធនៅក្នុងស្រុកវិញ សាច់ញាតិរបស់ចំណាប់ខ្មាំងថា ការចរចា គឺជាមធ្យោបាយតែមួយគត់ដើម្បីនាំពួកគេត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែគណបក្សស្តាំនិយមនៃគណបក្សដែលកាន់អំណាចរបស់លោក បាននិយាយថា ពួកគេនឹងលាលែងពីតំណែងជាជាងគាំទ្រកិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ខ្មាំងដែលទុកឱ្យក្រុមហាម៉ាសនៅកាន់កាប់តំបនើនោះដដែល៕

ប្រភព៖ CNA

Share.