ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ខណៈដែលកំពុងដើរឆ្លងផ្លូវទៅរកហូបបាយ ត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកកាបូបលុយពីដៃបានសម្រេច គេចខ្លួនបាត់ស្រមោល អស់លុយជិត១ពាន់ដុល្លារ និងឯកសារផ្ទាល់ខ្លួនមួយចំនួន។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងរោងចក្រQMI ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សេន ផុន ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅ ក្បែរកន្លែងកើតហេតុ។ សម្ភារៈបាត់បង់មាននៅក្នុងកាបូប ប្រាក់៧០០ដុល្លារ ប្រាក់រៀលមួយចំនួន អត្តសញ្ញាណប័ណ្ណ២សន្លឹក និងឯកសារមួយចំនួនទៀត ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះដើរចេញពីផ្ទះក្បែរនោះ ដោយកាន់កាបូបយួរដៃផង ដើរឆ្លងផ្លូវក្នុងគោលបំណងទៅរកហូបបាយ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះពីត្បូងទៅជើងធ្វើសកម្មភាពឆក់យកកាបូបពីដៃទៅបាត់ គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.