​​​សារព័ត៌មាន CGTN បានផ្សាយថា អឺរ៉ុបនឹងរងការវាយប្រហារខ្លាំងបំផុត និងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំបំផុតទាក់ទងនឹងការផ្គត់ផ្គង់ប្រេងដែលត្រូវបានរឹតត្បិត បន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះដោយក្រុមឧទ្ទាម Houthi ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់។ នោះ​ជា​ទស្សនៈ​របស់​លោក ចូណាថាន់ ឡាំ (Jonathan Lamb) អ្នក​វិភាគ​ទីផ្សារប្រេង និង​ឧស្ម័ន​មក​ពី​ធនាគារ​វិនិយោគ Wood and Company ក្នុងតំបន់អឺរ៉ុប។

ក្រុម Houthis បានចាប់ផ្តើមរលកនៃការបំផ្ទុះយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីលនាវាពាណិជ្ជកម្ម និងកងទ័ពជើងទឹក ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។

ជាការឆ្លើយតប ក្រុមហ៊ុនដឹកជញ្ជូនបានបង្វែរផ្លូវនាវារាប់រយគ្រឿងជុំវិញផ្លូវទឹក Cape of Good Hope របស់អាហ្វ្រិកខាងត្បូង ដែលជាការធ្វើដំណើរដោយចំណាយពេលយូរជាង ប្រើរយៈពេលចន្លោះពី១០ថ្ងៃទៅ១៤ថ្ងៃ និងមានតម្លៃថ្លៃជាងការឆ្លងកាត់សមុទ្រក្រហម និងព្រែកជីកស៊ុយអេ។

លោក Lamb បានប្រាប់កម្មវិធី CGTN Europe’s Global Business​ ថា «ខ្ញុំគិតអំពីតម្លៃប្រេងពិតប្រាកដ រាល់ពេលដែលមានវិបត្តិបែបនេះតម្លៃប្រេងមាននិន្នាការឡើងថ្ងៃយ៉ាងឆាប់រហ័ស។ ខ្ញុំគិតថា នឹងមិនជះផលប៉ះពាល់ខ្លាំងដល់តម្លៃប្រេងយូរអង្វែងនោះទេ»។

លោកបន្ដថា «ទោះជាយ៉ាងណាក៏ដោយ យើងត្រូវចាំថា តំបន់មួយនៃពិភពលោកដែលរងគ្រោះដោយវិបត្តិនៅសមុទ្រក្រហម គឺអឺរ៉ុប។ អាស៊ី នឹងអាចទទួលបានប្រេងឆៅ និងផលិតផល រួមទាំងឧស្ម័នធម្មជាតិរបស់ខ្លួនដូចធម្មតា។ អាមេរិក មិនទិញច្រើនពីមជ្ឈិមបូព៌ាទេ។ ដូច្នេះ វាពិតជាប៉ះពាល់ដល់ប្រជាជនអឺរ៉ុប។ មានន័យថា ខ្សែផ្គត់ផ្គង់របស់ពួកគេឥឡូវនេះមានច្រើន យូរជាងពេលដែលប្រេងនោះអាចឡើងតាមប្រឡាយស៊ុយអេ។ ខ្ញុំគិតថា វានឹងបង្កើតបញ្ហាប្រឈមជាច្រើនក្នុងការដឹកជញ្ជូន។ ក្រុមហ៊ុនមួយចំនួន នឹងរកឃើញថាពួកគេមានស្តុកទាបជាងអ្វីដែលពួកគេបានគិត។ ដូច្នេះវានឹងជះឥទ្ធិពលដល់ក្រុមហ៊ុនចម្រាញ់ប្រេងទាំងនោះ នៅក្នុងតំបន់អឺរ៉ុប និងលើថ្លៃដឹកជញ្ជូនផងដែរ ពីព្រោះយើងត្រូវដឹកជញ្ជូនគ្រប់ទីកន្លែងជុំវិញទ្វីបអាហ្រ្វិក ជាជាងការនាំចេញតាមផ្លូវចំណាយពេល​ខ្លី​ជាង»។

សូមជម្រាបថា ការវាយប្រហាររបស់ក្រុម Houthi បានកំណត់គោលដៅលើផ្លូវមួយដែលមានប្រហែល ១៥ភាគរយនៃចរាចរណ៍ដឹកជញ្ជូនរបស់ពិភពលោក ហើយដើរតួជាច្រកដ៏សំខាន់រវាងអឺរ៉ុប និងអាស៊ី៕

ប្រភព៖ CGTN

Share.