បាត់ដំបង៖ រថយន្តដឹកអីវ៉ាន់មួយគ្រឿង បានបុកខឿនថ្មបណ្តាលឱ្យក្រឡាប់ទាំងកណ្តាលយប់​ ស្រាប់តែមានមនុស្សមួយក្រុមមកវាយធ្វើបាបអ្នកបើកបរ យ៉ាងចាស់ដៃ នៅអំឡុងម៉ោងជិត ៤:០០នាទីទៀបភ្លឺថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៤ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្បែររង្វង់មូលព្រះនរាយណ៍ ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។

តាមការប្រភពព័ត៌មានបឋមបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តប្រភេទដឹកទំនិញមួយគ្រឿង បើកបរពីកើតទៅលិច លុះដល់ចំណុចកើយហេតុ រថយន្តខាងលើបានរ៉េចង្កូតទំនងចង់កៀរក្រុមក្មេងមួយក្រុមដែលកំពុងធ្វើដំណើរស្របទិសគ្នារួចក៏ជ្រុលរ៉េចង្កូតទៅបុកនឹងខឿនពុះទ្រូងផ្លូវក្រឡាប់បាស់កង់តែម្តង។ ក្រោយកើតហេតុបានបន្តិចគេឃើញអ្នកបើកបរបានលូនចេញពីកាបីនរថយន្ត ភ្លាមនោះមានក្រុមក្មេងមួយក្រុមមិនស្គាល់អត្តសញ្ញាណបានឈប់ម៉ូតូចោមរោមអ្នកបើកបររថយន្តនោះរួចវាយ និងទាត់ម្នាក់មួយដៃ ម្នាក់មួយជើងដោយចោទថាម្នាស់រថយន្តដឹកទំនិញខាងលើស្រវឹងស្រា និងប៉ុនប៉ងដេញបុកពួកគេ។

ករណីដដែលមន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា រថយន្តគ្រោះថ្នាក់ចរាចរណ៍នេះជារថយន្តដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ សៀមរាប ២A-៤៣៤១ បើកបរដោយឈ្មោះ ហន បញ្ញា មានទីលំនៅក្នុងឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្រោយកើតហេតុ ដោយសាររថយន្តរងគ្រោះ បង្កគ្រោះថ្នាក់ដោយខ្លួនឯង ទើបតម្រូវឱ្យម្ចាស់រថយន្ត ជួសជុលខឿនពុះទ្រូងផ្លូវឱ្យល្អឡើងវិញ។ ចំណែកករណីប្រើហិង្សា គឺអាស្រ័យលើជនរងគ្រោះប្តឹងស្វែងរកជនដៃដល់ ឬក៏យ៉ាងណា៕

អត្ថបទ៖ ដំបងក្រញូង

Share.