បាត់ដំបង៖ មន្ត្រីជំនាញធនធានទឹកបើកទ្វារបង្ហូរទឹកអាងស្តុកទឹកកំពីងពួយដំណាក់កាលទី៤ ដើម្បីជួយផ្គត់ផ្គង់ដំណាំស្រូវប្រាំងជិត ២ម៉ឺនហិកតា ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង លោក ឡុង ផលគុណ បានបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២៤កន្លងមកនេះ មន្ត្រីជំនាញប្រចាំតំបន់ បានសហការណ៍ជាមួយអាជ្ញាធរ រួមទាំងសហគមន៍កសិករ ប្រេីប្រាស់ទឹកអាងកំពីងពួយ បានបើកទ្វារទឹកមួយភាគ ដើម្បីផ្តល់ទឹកជូនបងប្អូនប្រជាកសិករទទួលបានទឹកស្រោចស្រពស្រូវរដូវប្រាំងលេីកទី៤ តាមផែនការដែលបានគ្រោងទុក។

លោកប្រធានមន្ទីរធនធានទឹកបានបន្តថា តួលេខស្រូវប្រាំងដែលកសិករបង្កបង្កើនផលខាងលើមានស្រូវចំនួន ៩,៦៧៦ហិកតា ត្រូវការឱ្យមន្ត្រីជំនាញបើកទឹកមួយលើក និងដំណាក់កាលនៃលូតលាស់ដំណាំស្រូវចំនួន១.៣៨០ហិកតា ទៀតត្រូវការទឹកពីមន្ត្រីជំនាញបើកឱ្យ០២លើកទៀត ។ ហើយដំណាក់កាលចុងក្រោយនេះ គឺប្រជាកសិករមិនអាចបន្តការដាំដុះស្រូវប្រាំងបន្តទៀតឡើយ ដោយសារទឹកក្នុងអាងស្តុកនៅសល់ទឹកត្រឹមតែ៧០លានម៉ែត្រគូបប៉ុណ្ណោះ នៃធនធាទឹកដែលមានសរុបចំនួន ១៧៥ លានម៉ែត្រគូប។

សូមបញ្ជាក់ផងដែរថា ការបើកទ្វារបង្ហូរទឹក បង្កលក្ខណះដល់ប្រជាពលរដ្ឋប្រកបការដាំដុះស្រូវរដូវប្រាំងនេះបានចែកចាយស្រោចស្រពលើផ្ទៃដីសរុបចំនួន ១៧.៥៧៨ ហិកតា នៃផែនការ១ម៉ឺនហិកតា៕

អត្ថបទ៖ ដំបងក្រញូង

Share.