ទីក្រុងម៉ានីល៖ មន្ត្រីម្នាក់បាននិយាយនាថ្ងៃអាទិត្យ (ទី១១ ខែកុម្ភៈ)ថា ចំនួនមនុស្សស្លាប់ដោយសារការបាក់ដីនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៣៥នាក់ហើយ ខណៈដែលក្រុមអ្នកជួយសង្គ្រោះនៅតែបន្តជីកដីភក់ ទោះបីជាក្តីសង្ឃឹមនៃការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត មានភាគរយតិចក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

ការរអិលបាក់ដី បានវាយប្រហារកាលពីយប់ថ្ងៃអង្គារ នៅខាងក្រៅរោងចក្រអណ្តូងរ៉ែមាស ក្នុងទីក្រុង Maco ក្នុងខេត្ត Davao de Oro ដោយបំណាក់ដីបានកប់ផ្ទះ និងរថយន្តក្រុងរង់ចាំដឹកកម្មករបញ្ចប់វេន ពីក្រុមហ៊ុន Apex Mining។

លោក Edward Macapili មន្ត្រីនៃខេត្ត Davao de Oro បាននិយាយថា គិតត្រឹមព្រឹកថ្ងៃអាទិត្យ នេះ មនុស្ស ៣៥នាក់ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងពីចំនួន ២៨នាក់ដល់ ៣៥នាក់។

លោក បន្ដថា មនុស្សសរុបចំនួន ៧៧នាក់នៅតែបាត់ខ្លួន ខណៈមនុស្ស ៣២នាក់ទៀតបានរងរបួស ហើយមនុស្សជាង៣០០នាក់ទៀត បានចូលរួមក្នុងការជួយសង្គ្រោះ ប៉ុន្តែប្រតិបត្តិការកំពុងត្រូវបានរារាំងដោយសារភ្លៀងធ្លាក់ខ្លាំង ភក់ក្រាស់ និងការគំរាមកំហែងអំពីការបាក់ដីបន្ថែមទៀត។

លោក Macapili បាននិយាយថា ការងារជួយសង្គ្រោះបានបន្តនៅព្រឹកថ្ងៃអាទិត្យនេះបន្ដទៀត ទោះបីជាក្ដីសង្ឃឹមរបស់អ្នកនៅរស់រានមានជីវិតពីឧប្បទ្ទវហេតុនេះមានតិចតួចក៏ដោយ។

លោក Macapili បាននិយាយថា «ក្រុមជួយសង្គ្រោះកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ទោះបីជាវាលំបាកខ្លាំងក៏ដោយ»។

សូមជម្រាបថា ភ្លៀងធ្លាក់ខ្លាំងបានវាយលុកទីក្រុង Davao de Oro ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ខណៈក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា គ្រោះធម្មជាតទាំងនោះកាន់តែមានថាមពលខ្លាំង នៅពេលដែលពិភពលោកកាន់តែក្តៅ ដោយសារតែការប្រែប្រួលអាកាសធាតុ៕

ប្រភព៖ CNA

ចុចអាន៖ Update៖ ចំនួនអ្នកស្លា.ប់ និងរបួស ដោយសារគ្រោះរអិលបា.ក់ដីកប់រថយន្ដក្រុងបន្ដកើនឡើង…!

Share.