ភ្នំពេញ ៖ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេសចំនួន៨ករណី និងឃាត់ខ្លួនបានចំនួន៥០នាក់ត្រឹមតែរយៈពេល៣ថ្ងៃ ​គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា ករណីក្មេងទំនើងបង្កបញ្ហា កើតឡើងក្នុងដែនដីរាជធានីខេត្តចំនួន៤ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិសាត់ និងខេត្តបាត់ដំបង។ ក្នុងនោះ ខេត្តបាត់ដំបង កើតឡើងតែ១ករណីប៉ុណ្ណោះ តែឃាត់ខ្លួនក្រុមក្មេងទំនើងរហូតដល់១៨នាក់។ អ្នកនាំពាក្យរង បន្តថា ខេត្តកណ្ដាលកើតឡើង២ករណី ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ខណៈខេត្តពោធិសាត់ ក៏បង្ក្រាបបាន២ករណីដែរ ដោយឃាត់ខ្លួនបានចំនួន១២នាក់ដែរ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងប្រសាសន៍របស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ដែលតែងតែរំលឹកជារឿយៗ ដល់អគ្គស្នងការដ្ឋាននគរជាតិ បណ្ដាស្នងការដ្ឋាន និងតួអង្គពាក់ព័ន្ធ ឱ្យបង្កើនយកចិត្តទុកដាក់ការពារគ្រប់គ្រងសកម្មភាពអវិជ្ជមានរបស់ក្រុមក្មេងទំនើងក្នុងមូលដ្ឋាន និងញែកជា២ គឺវិធានការច្បាប់-ករណីធ្ងន់ត្រូវកសាងសំណុំរឿងទៅតុលាការផ្ដន្ទាទោសតាមច្បាប់។ ចំណែកករណីស្រាលល្មមៗ ត្រូវអនុវត្តវិធានការណ៍អប់រំ-ដោយប្រើយន្តការផ្សេងៗ និងការធ្វើកិច្ចសន្យាមានការធានាពីអាណាព្យាបាល ដើម្បីបញ្ឈប់សកម្មភាពមិនប្រក្រតីទាំងនោះ។

លោកបន្តទៀតថា ក្នុងនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏ជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់អនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា៕

អត្ថបទ៖ សង្គម

Share.