សិល្បៈ​ជាតិ​៖ មុននេះ​បន្តិច​យោងតាម​ការ​បង្ហោះ​របស់​ស្រី​ស្អាត ប៉ុន​ សុរ៉ាវត្តី តារាសម្ដែង​ដ៏​មាន​ប្រជា​ប្រិយ​ភាព​មួយ​រូប​ កញ្ញា​បាន​លើក​ឡើង​ថា​កុំ​ភ្លេច​ត្រៀម​ចាំ​ទស្សនា​រឿង​ភាគ​ថ្មី​របស់​ខ្លួន​ ដោយ​ក្នុង​នោះ​មាន​អ្នក​គាំទ្រ​ខ្លះ​ផ្ដាំ​កញ្ញា​បើ​ឆ្លង​ទៅ​សម័យ​លង្វែង​ កុំ​ភ្លេច​យក​ប្រហុក​សម័យ​បច្ចុប្បន្ន​ទៅ​ឱ្យ​អ្នក​ស្រុក​លង្វែក​ភ្លក់​ និង​ប្រៀបធៀប​រសជាតិ​ផង​។

នា​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ គណនី​ហ្វេសប៊ុក​របស់​កញ្ញា​ ប៉ុន សុរ៉ាវត្តី បាន​បង្ហោះ​ផ្សព្វផ្សាយ​រឿង​ភាគ​ថ្មី​ដែល​ខ្លួន​សម្ដែង​ឱ្យ​ផលិតកម្ម​ Crystal Film មាន​ចំណង​ជើង​ថា​ «ឆ្លង​ភព​ជួប​ស្នេហ៍» ជា​រឿង​ភាគ​បុរាណ​ត្រៀម​ចាក់​បញ្ចាំង​នាពេល​ឆាប់​ៗ​នេះ​ ព្រម​ទាំង​ភ្ជាប់​ជាមួយ​នឹង​សំណេរ​យ៉ាង​ក្បោះក្បាយ​ថា​៖ «​ជា​និស្សិត​ចុះ​កម្ម​សិក្សា​ ​នៅ​ភូមិ​មួយ​ ​តែ​ចៃដន្យ​ក៏​បាន​ឆ្លង​ភព​ទៅ​កាន់​សម័យ​លង្វែក​ ​បាន​ជួប​បុរស​ម្នាក់​ដែល​ទទួល​យក​យើង ​ទាំង​ដែល​សភាព​យើង​ខុស​ពី​អ្នក​រាល់​គ្នា​ រួច​ក៏​បាន​បង្រៀន​យើង​អោយ​យល់​ពី​របៀប​រស់​នៅ​នា​សម័យ​នោះ ​ហើយ​ពិសេស​ជាង​នោះ​ទៅ​ទៀត​គាត់​បាន​បង្រៀន​យើង​ពី​របៀប​ស្លៀក​សម្លៀក​បំពាក់​ទៀត​ផង​ ​តែ​ជា​អកុសល​យើង​ទាំង​ពីរ​អ្នក​ក៏​…….​​ទាំង​អស់​មាន​នៅ​ ​Crystal Film ​ចាក់​ផ្សាយ​ជូន​ឆាប់​ៗ​នេះ​ហើយ​»

ក្រោយ​ស្ដាប់​តាម​ការរៀបរាប់​របស់​ សារ៉ាវត្តី ​អ្នក​គាំទ្រ​សុទ្ធតែ​បញ្ចេញ​មតិ​ដូចៗ​គ្នា​ថា​ យើង​នេះ​ប្រាកដ​ជា​រឿង​ភាគ​មួយ​ដ៏​ល្អគួរ​ឱ្យ​ចង់​ទស្សនា​ ព្រោះ​មាន​បង្ហាញ​ពី​​ជីវភាព សំលៀក​បំពាក់ របៀបរស់នៅ​របស់​មនុស្ស​នា​សម័យ​​លង្វែក តែ​ក្នុង​នោះ​ក៏​មាន​អ្នក​លើក​ឡើង​​មួយ​ចំនួន​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ​នោះ​គឺ​ «​ចេញ​រឿង​ថ្ងៃ​ណា​ Idol ​កុំ​ភ្លេច​ពេល​ឆ្លង​ភព​យក​ប្រហុក​ទៅ​ផង​ ​ដើម្បី​ឲ្យ​អ្នក​សម័យ​មុន​ភ្លក់​ប្រហុក​សម័យ​ឥឡូវ​ថា​រសជាតិ​ខុស​គ្នា​ដែរ​ទេ​?»

ការ​លើក​ឡើង​បែប​នេះ​ព្រោះ​តែ​កញ្ញា ប៉ុន សារ៉ាវត្តី ធ្លាប់​បា​ន​បង្ហាញ​ថ្វី​ដៃ​សម្ដែង​រឿង​ «ប្រហុកស្រែ​ស្នេហ៍​ខ្ញុំ​» ចាប់​គូ​ជាមួយ​នឹង​លោក​ ទ្រី ដារ៉ាវុទ្ធ ជា​រឿង​ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៅ​លើ​ទូរទស្សន៍​ PNN រហូតដល់​កញ្ញា​ ​ជាប់​ងារ​ជា​នាង​ប្រហុក​ ថែម​ទៀត​។

សូម​ជំរាប​ជូន​ថា​ ភាពយន្ត​ «ឆ្លង​ភព​ជួប​ស្នេហ៍» នេះ​គឺជា​រឿង​ប្រភេទ​សម័យ​លាយ​បុរាណ​ ព្រោះ​តួ​ឯក​ស្រី​ដែល​ជា​និស្សិត​បាន​ឆ្ល​ង​ភព​ពី​សម័យ​បច្ចុប្បន្ន​ទៅ​កាន់​សម័យ​បុរាណ​ ប៉ុន្តែ​សាច់​រឿង​នឹង​ Happy Ending ឬ​យ៉ាង​ណា​នោះ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ ព្រោះ​មិន​ច្បាស់​ថា​តួ​ស្រី​នឹង​ឆ្លង​ត្រលប់​មក​កាន់​សម័យ​បច្ចុប្បន្ន​វិញ​ ឬក៏​បន្ត​រស់​នៅ​ភព​បុរាណ​ជាមួយ​នឹង​តួឯក​ប្រុស​។ ដូច្នេះ​មាន​តែ​រងចាំ​តាមដាន​ទាំង​អស់​នេះ​នៅពេល​ដែល​រឿង​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍៕

Share.