ភ្នំពេញ៖ នៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការបង្កបង្កើនផលស្រូវប្រាំង ប្រមាណ ៥០ម៉ឺនហិចតា ប៉ុន្តែគិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ បានកើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ ៨០ម៉ឺន ហិចតា។
ផ្ទៃដីដែលបានបង្កបង្កើនផលខាងលើនេះ មួយចំនួនបានច្រូតកាត់ប្រមូលផលរួចរាល់ហើយ ប៉ុន្តែនៅមានផ្ទៃដីមួយចំនួនទៀត កំពុងនៅមានតម្រូវការទឹកស្រោចស្រពនៅឡើយ ។ ទាក់ទងទៅនឹងបញ្ហាកង្វះខាតទឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាដល់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការជួយអន្តរាគមន៍សង្រ្គោះទិន្នផលស្រូវប្រជាពលរដ្ឋ ពោលគឺ ធ្វើអន្តរាគមន៍លើបញ្ហាប្រភពទឹកឱ្យបាន ។
ក្រោយទទួលបានបទបញ្ជារួមមក ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បាន និងកំពុងអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់នេះ យ៉ាងសស្រាក់សស្រាំក្នុងការបូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតទឹកដូចជា ខេត្តកំពត តាកែវ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កពង់ធំ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងកំពង់ចាមជាដើម។
ជុំវិញកិច្ចការងារខាងលើនេះ គឺស្ថិតនៅក្នុងកិច្ចការអាទិភាពទី៣ គឺការលើកស្ទួយកសិកម្ម និង ការអភិវឌ្ឍជនបទ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការពង្រឹងតួនាទី និងការអភិវឌ្ឍជនបទ វិស័យកសិកម្មឱ្យទំនើប,សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើតតម្លៃខ្ពស់, ជំរុញភាពប្រកួតប្រជែង, និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ។ ហើយគោលការណ៍នេះ ត្រូវបាន រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នាថ្ងៃទី២៤ សីហា ២០២៣ ដោយបញ្ចកោណទី៤ “ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន” បានផ្តោតលើកិច្ចការអាទិភាពចំនួន៥៕
អត្ថបទ៖ សង្គម