នៅអំឡុងឆ្នាំ២០២៣កន្លងមក ក្រសួងព័ត៌មានបានទទួលដោះស្រាយវិវាទរបស់អង្គភាពសារព័ត៌មាន ចំនួន ៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានចំនួន ៥០លើក ។ របាយការណ៍នេះលើកឡើងដោយ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។

នៅក្នុងរឿងវិវាទរបស់អង្គភាពអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងព័ត៌មានមិនបានបញ្ជាក់ពីវិវាទអ្វីខ្លះនោះទេ ប៉ុន្ដែ លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា ក្រសួងព័ត៌មានក៏បាន និងកំពុងបន្តពង្រឹងកិច្ចសហការដែលមានស្រាប់ជាមួយក្រុមការងារមេធាវីរាជរដ្ឋាភិបាល ដើម្បីផ្តល់ការការពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារ និងលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា។  

សូមចុចអាន៖ អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាផ្ដល់គុណសម្បត្តិ និងប្រឈមកើតមានព័ត៌មានក្លែងក្លាយជះឥទ្ធិពលអាក្រក់ក្នុងសង្គម

លោកបានបន្ថែមថា ក្រសួងបាន និងកំពុងលើកកម្ពស់គុណភាពសារព័ត៌មានតាមរយៈការពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈក្នុងចំណោមអ្នកសារព័ត៌មាន ការបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ការបង្កើនភាពងាយស្រួលសម្រាប់អ្នកសារព័ត៌មានក្នុងការចុះយកព័ត៌មាននិងអនុវត្តអាជីពរបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងដោយវិជ្ជាជីវៈ។ ក្នុងក្របខណ្ឌនៃការពង្រឹងអភិបាលកិច្ចល្អ ក្រសួងព័ត៌មានបាន និងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មានឲ្យស្របទៅនឹងការវិវត្ត និងភាពរីកចម្រើនរបស់សង្គមជាតិ ក៏ដូចជាឲ្យស្របនឹងនិន្នាការតំបន់ និងសកល សម្រាប់វិស័យព័ត៌មាន។ 

និយាយដល់ការសម្រួលពន្ធប៉ាតង់ដល់អ្នកសារព័ត៌មាន លោក ទេព សស្នារិទ្ធ បានបញ្ជាក់ថា ក្រសួងព័ត៌មានបានអនុវត្តការលើកលែងពន្ធប៉ាតង់សម្រាប់សារព័ត៌មានអនឡាញប្រភេទធុនតូចទាំងអស់ ដោយទទួលជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃសេវា ចំនួន ៥០% សម្រាប់ការស្នើសុំអាជ្ញាប័ណ្ណក្នុងការបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មាន។ មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានទទួលបានការគាំពារផ្នែកសុខភាពតាមរយៈការបញ្ចុះតម្លៃ ៣០% លើសេវាកម្មជាមួយស្ថាប័នសុខភាពដៃគូរបស់ក្រសួង។  ទាំងនេះសុទ្ធសឹងជាអាទិភាពចម្បងៗក្នុងចំណោមអាទិភាពផ្សេងៗទៀត ដែលក្រសួងព័ត៌មានបាន និងកំពុងយកចិត្តទុកដាក់ ដើម្បីធ្វើឲ្យវិស័យសារព័ត៌មានក្លាយជាវិស័យស្នូលមួយសម្រាប់ការអភិវឌ្ឍន៍សង្គមទាំងមូលប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្ថែមថា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានចុះបញ្ជី ដែលជួបប្រទះបញ្ហាខណៈបំពេញភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងក្នុងក្របខណ្ឌច្បាប់កំណត់  ត្រូវទទួលបានការការពារ ដែលជាអាទិភាពស្ថិតនៅក្នុងក្របខណ្ឌរួមនៃការធានាសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិនិងទទួលព័ត៌មាននៅកម្ពុជា ហើយត្រូវបានលើកកម្ពស់ដោយរាជរដ្ឋាភិបាលពីអាណត្តិមួយទៅអាណត្តិមួយជារៀងរហូតមក។ លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា៖ ជាពិសេសក្នុងអាណត្តិទី៧នេះតែម្តង ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន ការគាំពារ និងការពារសិទ្ធិដល់អ្នកសារព័ត៌មាន ក្នុងករណីជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងាររបស់ខ្លួន សម្រាប់អ្នកសារព័ត៌មាននិងអង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ហើយបានគោរព និងអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ពោលគឺក្រសួងព័ត៌មានទទួលពិនិត្យ ស្រាវជ្រាវអំពីអង្គហេតុ អង្គច្បាប់ និងអនុវត្តយន្តការសម្របសម្រួល ផ្តល់ប្រឹក្សាផ្នែកច្បាប់ ក្នុងការដោះស្រាយវិវាទ។ 

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយកចិត្តទុកដាក់ចំពោះសកម្មភាព និងស្ថានភាពអ្នកសារព័ត៌មានពីសំណាក់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ក៏ដូចជាស្ថាប័នផ្សេងទៀតនៅកម្ពុជា ជាកិច្ចការចាំបាច់ដែលយើងទាំងអស់គ្នាត្រូវធ្វើ ដើម្បីរួមចំណែកលើកស្ទួយអាជីពសារព័ត៌មាន និងតម្លៃវិជ្ជាជីវៈ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍សកម្មភាពនេះជាផ្នែកមួយនៃការកត់ត្រានូវរឿងរ៉ាវដែលបានកើតឡើង ដែលអាចផ្តល់ជាធាតុចូលសម្រាប់ការតាមដាន ស៊ើបអង្កេតឲ្យបានសុីជម្រៅបន្ថែមទៀត ទាំងអង្គហេតុ និងអង្គច្បាប់ ដើម្បីអាចក្លាយជាបច្ច័យដល់ដំណោះស្រាយណាមួយ។ កិច្ចការនេះចាំបាច់ទាមទារឲ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ អ្នកសារព័ត៌មាន សមាគម ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចក្នុងវិស័យពាក់ព័ន្ធ ដើម្បីពិនិត្យលើអង្គហេតុ និងអង្គច្បាប់ ដោយត្រូវសហការផ្តល់ព័ត៌មាន ចូលរួមក្នុងដំណើរការស៊ើបអង្កេត និងនីតិវិធីទាំងឡាយក្នុងក្របខណ្ឌនៃការអនុវត្តច្បាប់។

លោក ទេព អស្នារិទ្ធ បានអំពាវនាវថា «ខ្ញុំសូមសំណូមពរយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ឲ្យបន្តពង្រឹងសមត្ថភាពជំនាញ និងប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាកសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ និងមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ ដើម្បីរួមគ្នាលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន និងអភិវឌ្ឍវិស័យព័ត៌មានឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។ ជាងនេះទៀត អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត ជាមួយខ្លឹមសារប្រកបដោយគុណភាព ពោលគឺជាព័ត៌មានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ខ្លឹមសារប្រកបដោយតុល្យភាពព័ត៌មាន ដើម្បីធានាភាពជឿជាក់ ទុកចិត្តបានពីសំណាក់ប្រជាជន សង្គមជាតិទាំងមូល និងលើកកម្ពស់វិស័យព័ត៌មានជាអំណាចទី៤ ក្នុងការរួមចំណែកដល់ការការពារថែរក្សាសុខសន្តិភាពនៅកម្ពុជា និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព»។

Share.