កំពង់ធំ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យកាត់ឆ្វៀលដីជូនបងប្រជាពលរដ្ឋ ចេញពីតំបន់៣ បញ្ចូលមកតំបន់២ ក្រុមការងារចុះបញ្ជីដីក្នុងខេត្តកំពង់ធំបានធ្វើការវាស់វែងជូនប្រជាពលរដ្ឋជាបន្ទាន់។

លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ ស្នើអាជ្ញាធរ និងប្រជាពលរដ្ឋជាម្ចាស់ដីក្នុងតំបន់កាត់ឆ្វៀលចូលរួមជាមួយមន្ត្រីជំនាញដើម្បីវាស់វែងបានទាន់ពេលនិងឆាប់រហ័ស។
លោក អ៊ឹម សុឌីណា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃ១៨ ខែកុម្ភៈឆ្នាំ២០២៤ ។

លោកស្នើឲ្យក្រុមការងារវាស់វែងទាំងអស់ខិតខំប្រឹងប្រែងបំពេញកិច្ចការងារវាស់វែងដីប្រកបទៅដោយប្រសិទ្ធភាព តម្លាភាព និងទទួលខុសត្រូវ។

លោកបញ្ជាក់ថា ការចុះវាស់វែងនេះនិងចាប់ផ្ដើមពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះដែលមានស្រុកចំនួន៦គឺ ស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកកំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ដោយរៀបចំផែនការត្រឹមរយៈពេល ៣ខែ ដោយបូករួមការវាស់វែង ប្រមូលទិន្នន័យ និងបិទផ្សាយ ព្រមទាំងលើកសំណើស្នើសុំចេញប័ណ្ណប្រើប្រាស់ និងអាស្រ័យផលជូនប្រជាពលរដ្ឋតាមរយៈគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តទៅក្រសួងដើម្បីពិនិត្យនិងសម្រេច។

បើគិតមកដល់ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមការងារបានចុះវាស់វែងនៅស្រុកតាំងគោក ឃុំទ្រៀល ភូមិគោកត្របែក ២០១ក្បាលដី ស្រុកបារាយណ៍ ឃុំបារាយណ៍ ភូមិចតុលោក ៣២ក្បាលដី ស្រុកសន្ទុក ឃុំព្នៅ ភូមិត្រើយអូរ ៥៤ ក្បាលដី ស្រុកកំពង់ស្វាយ ឃុំកំពង់គោ ភូមិខ្សាច់ជីរស់៣៩៤ក្បាលដី និងភូមិកំពង់គោក្រោម ៤៨១ ក្បាលដី ស្រុកស្ទោង ឃុំចំណារក្រោម ភូមិជីអាប់ ១៥០ ក្បាលដី និងតំបន់វិនច្ឆ័យ ៥០ក្បាលដី និងក្រុងស្ទឹងសែន សង្កាត់ស្រយ៉ូវ មាន៦ភូមិ ស្មើ២៨០ក្បាលដី៕

អត្ថបទ៖ កំពង់ធំ

Share.