ទីក្រុងហ្សេរុយសាឡឹម៖ សមាជិកគណៈរដ្ឋមន្ត្រីកិច្ចការសង្គ្រាមអ៊ីស្រាអែល លោក Benny Gantz បាននិយាយថា អ៊ីស្រាអែលនឹងបើកការវាយលុកចូលទីក្រុងរ៉ាហ្វា នៅខែក្រោយនេះ ប្រសិនបើក្រុមហាម៉ាស់ មិនបានដោះលែងចំណាប់ខ្មាំងនៅសេសសល់ដែលកំពុងត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា នៅដើមខែរ៉ាម៉ាដាន ដែលជាបុណ្យប្រពៃណីសាសនាដ៏ធំរបស់អ្នកកាន់សាសនាអ៉ីស្លាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Benny បានសង្កត់ធ្ងន់ នៅក្នុងសន្និសីទរបស់មេដឹកនាំជនជាតិជ្វីហ្វ ក្នុងទីក្រុងហ្សេរ៊ុយសាឡិម កាលពីថ្ងៃអាទិត្យ ថា «ពិភពលោកត្រូវតែដឹង ហើយមេដឹកនាំក្រុមហាម៉ាស់ត្រូវតែដឹងដែរ ប្រសិនបើដល់ខែរ៉ាម៉ាដាន ចំណាប់ខ្មាំងដែលនៅសេសសល់មិនទាន់ត្រឡប់ទៅផ្ទះ នោះការប្រយុទ្ធនឹងបន្ដនៅគ្រប់ទីកន្លែង រួមទាំងនៅទីក្រុង​​​​​​ Rafah ផងដែរ»។

រ៉ាម៉ាដាន ជាខែដ៏វិសុទ្ធរបស់ប្រជាជនមូស្លីម ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមីនា ខាងមុខនេះ។

រដ្ឋាភិបាលអ៊ីស្រាអែលកន្លងមក មិនបានបញ្ជាក់ថ្ងៃកំណត់កាលបរិច្ឆេទជាក់លាក់ សម្រាប់ផែនការវាយលុករបស់ខ្លួន ចូលទីក្រុង រ៉ាហ្វា ជាទីកន្លែងដែលប្រជាជនប៉ាឡេស្ទីនចំនួន ១.៧លាននាក់កំពុងស្វែងរកកន្លែងសម្រាប់ជ្រកកោន ដោយភ័យខ្លាចពីចំនួននៃការស្លាប់ និងរបួសដ៏ច្រើន រដ្ឋាភិបាលបរទេស និងអង្គការជំនួយបានទទូចម្តងហើយម្តងទៀត ឱ្យអ៊ីស្រាអែលទុកទីក្រុង Rafah ដែលជាទីក្រុងសំខាន់ចុងក្រោយ របស់តំបន់ហ្គាហ្សា ដែលកំពុងរងការវាយប្រហារដោយសង្រ្គាមអ៉ីស្រាអែល-ក្រុមហាម៉ាស់ អស់រយៈពេលប្រមាណជា ៤ខែមកនេះ។

ទោះបីជាមានសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង រួមទាំងការអំពាវនាវដោយផ្ទាល់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទទូចថា សង្គ្រាមមិនអាចបញ្ចប់បានទេ បើអ៉ីស្រាអែលមិនវាយលុកចូលក្នុងទីក្រុងរ៉ាហ្វា ហើយកាលដែលបោះបង់ការប្រយុទ្ធនោះមានន័យថា អ៉ីស្រាអែល ព្រមចុះចាញ់៕

ប្រភព៖ CNA

Share.