ភ្នំពេញ ៖ ជនសង្ស័យគ្នា២នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទាញកាបូបស្ពាយពីស្ត្រី២នាក់បងប្អូន កំពុងជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមផ្លូវ បានសម្រេច អស់លុយតែ៦មុឺនរៀលទេ បន្សល់ទុកឱ្យតែខ្សែកាបូប ក៏ប៉ុន្តែដួលរងរបួស បងរបួសធ្ងន់ ប្អូនរងរបួសស្រាល ជនសង្ស័យគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះទាំង២នាក់បងប្អូន មានទីលំនៅ ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់ក្នុងកាបូប មានលុយតែចំនួន៦មុឺនរៀល ។

បើតាមស្ត្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុគាត់ទាំង២នាក់បងប្អូនជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JE-4343 ដោយបងស្រីជាអ្នកបើក វិលត្រឡប់មកពីផ្ទះបងប្អូននៅខណ្ឌមានជ័យ ធ្វើដំណើរឆ្ពោះទៅផ្ទះវិញ ខណៈដែលធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យគ្នា២នាក់ ជិះម៉ូតូស្កុបពី ពណ៌ស មួយគ្រឿង ដល់ទន្ទឹមធ្វើសកម្មភាពឆក់ទាញយកកាបូបស្ពាយ បងស្រី បានសម្រេច ដាច់សល់តែខ្សែកាបូប អស់លុយតែ៦មុឺនរៀល តែដួលរងរបួសធ្ងន់បងស្រី រីឯប្អូនស្រីរងរបួសជើងស្រាល ជនសង្ស័យគេចបាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះ២នាក់បងប្អូនត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូយកទៅពេទ្យ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ រងចាំទទួលបណ្តឹងតាមក្រោយ និងបន្តធ្វើការស្រាវជ្រាវ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.