ភ្នំពេញ ៖ ករណីក្មេងទំនើង ក៏ជាចំណុចក្តៅ ដែលប្រមុខថ្នាក់ដឹកនាំបាននឹងកំពុងចាត់វិធានការ ឱ្យរឹតបន្តឹងទៅក្មេងទំនើងមិនឱ្យអុកឡុកសង្គមបានដោយសេរីនោះឡើយ។  ក្នុងសប្ដាហ៍កន្លងទៅនេះ សមត្ថកិច្ចនគរបាលជាតិ ទូទាំងប្រទេស បានបន្តប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានចំនួន២២ករណី និងឃាត់ខ្លួនបានក្មេងទំនើងយ៉ាងហោចណាស់៥៧នាក់។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងដែលថា ដោយសារការយកចិត្តទុកដាក់អនុវត្តរបស់កម្លាំងនគរបាលជាតិ ពិសេសកម្លាំងនៃស្នងការដ្ឋាន អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ករណីក្មេងទំនើង កម្លាំងនគរបាលជាតិ ទូទាំងប្រទេស បង្រ្កាបបានចំនួន២២ករណី និងឃាត់ខ្លួនបានក្មេងទំនើងបាន៥៧នាក់ បើធៀបទៅនឹងសប្ដាហ៍កន្លងទៅ គឺមានការថយចុះ។

យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ការធ្លាក់ចុះនេះ ក៏មិនមានន័យថាសមត្ថកិច្ចត្រូវដកដៃនោះឡើយ ហើយជាមួយគ្នានេះ មាតាបិតា អ្នកអាណាព្យាបាលទាំងឡាយ ក៏គួរបន្តបង្កើនការយកចិត្តទុកដាក់អប់រំសីលធម៌ដល់សមាជិកគ្រួសារ ពិសេសតាមតម្រង់ផ្លូវល្អដល់កូនចៅរបស់ខ្លួនដែលជាយុវជន។

គួរកត់សម្គាល់ថា ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ដឹកនាំនិងបញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបនិងលុបបំបាត់ក្មេងទំនើងពីក្នុងសង្គម។ ជាការកត់សម្គាល់នៅក្នុងខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងបាន១២៤ករណី និងឃាត់ខ្លួនមនុស្ស២៨០នាក់៕

អត្ថបទ៖ សង្គម

Share.