ក្លិបបាល់ទាត់ Inter Miami CF ក្រោមការដឹកនាំរបស់លោក Gerardo Martino រកបាន៣ពិន្ទុ ក្រោយយកឈ្នះ Real Salt Lake ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន DRV PNK នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤ នៃលីគកំពូលអាមេរិក Major League Soccer 2024។

២គ្រាប់ជ័យជម្នះរបស់ Inter Miami ស៊ុតបញ្ចូលទីដោយកីឡាករ Robert Taylor និង Diego Gómez ធានា៣ពិន្ទុពេញ ឡើងទៅឈរកំពូលតារាងលីគកំពូលអាមេរិក Major League Soccer 2024 បណ្តោះអាសន្ន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺកីឡាករ Luis Suárez, Lionel Messi, Sergio Busquets និង Jordi Alba អតីតកីឡាករ Barcelona បង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងរួមគ្នាផងដែរ។

គួរដឹងថាកិច្ចសន្យារបស់ Lionel Messi ជាមួយក្លិបបាល់ទាត់ Inter Miami ដែលមានលោក David Beckham ជាប្រធានក្លិបគឺមានរយ:ពេល២ឆ្នាំកន្លះ ជាមួយជម្រើសបន្តកុងត្រា១ឆ្នាំបន្ថែមទៀត កាលពីឆ្នាំ២០២៣ ដោយទទួលបានថ្លៃនឿយហត់ ៥៤ លានដុល្លារក្នុង១ឆ្នាំ។

លីគកំពូលអាមេរិក Major League Soccer ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៣ មានអាយុកាល ៣០ឆ្នាំ ខណ:ក្រុម LA Galaxy ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប៥លើក ស្របពេល D.C. United ឈ្នះ៤លើក ចំណែកឯ Inter Miami មិនធ្លាប់ឈ្នះពានរង្វាន់នេះម្តងណាឡើយ ក្រោយទើបបង្កើតឆ្នាំ ២០១៨ ប៉ុណ្ណោះ៕

Share.