ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលជាតិ បានឃាត់ខ្លួនក្មេងទំនើងសរុបចំនួន៤០នាក់ ក្នុងកណីដែលបានកើតឡើងចំនួន៤០ករណី គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយធៀបនឹងសប្តាហ៍មុនគឺមានការថយចុះ​ចំនួន១០នាក់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹង​នៅថ្ងៃទី២៦ ខែ​កុម្ភៈ ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រូបនេះបានឱ្យដឹងទៀតថា កាលពីសប្ដាហ៍មុន សមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើងចំនួន២២ករណី និងបានឃាត់ខ្លួនក្មេងទំនើងចំនួន៥០នាក់។ ដែលក្នុងរយៈពេលចុងក្រោយនេះ ករណីក្មេងទំនើងនៅតាមមូលដ្ឋានបានថយចុះគួរឱ្យកត់សម្គាល់។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដៅយកការដោះស្រាយបញ្ហាក្មេងទំនើងក្នុងសង្គមជាការងារអាទិភាពដែលត្រូវយកចិត្តទុកដាក់អនុវត្តចាប់ពីដើមនីតិកាលទី៧នេះ។ ការងារនេះបានដើរប្រទាក់ក្រឡាគ្នានិងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ យកចិត្តទុកដាក់អប់រំសីលធម៌ សុជីវធម៌ និងគុណធម៌ដល់កូនចៅឱ្យបានជាប្រចាំ ហើយយុវជនទាំងអស់ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមផ្សព្វផ្សាយគ្រោះថ្នាក់នៃគ្រឿងញៀនឱ្យបានទូលំទូលាយ៕

អត្ថបទ៖ សង្គម

Share.