ពោធិ៍សាត់ ៖ អ្នកញៀនល្បែងសុីសងប្រជល់មាន់មួយក្រុម កំពុងសប្បាយលេងជល់មាន់ ស្រាប់តែកម្លាំងសមត្ថកិច្ចស្រុកបាកានចុះទៅ ឃាត់ខ្លួនបានអ្នកលេង២នាក់ ជាច្រើននាក់រត់គេចបាតជើងសព្រាត និងរឹបអូសបានសម្ភារៈពាក់ព័ន្ធមួយចំនួន ។

ប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ជុំវិញសភាពការណ៍ សន្តិសុខក្នុងមូលដ្ឋាន ទើបកម្លាំងប៉ុស្តិ៍រដ្ឋបាល កម្លាំងអធិការដ្ឋាន ចុះទៅបង្ក្រាបជាក់ស្តែង នូវទីតាំងលួចបើកលេងល្បែងសុីសងខុសច្បាប់ ជល់មាន់ ហើយឃាត់ខ្លួនអ្នកញៀនល្បែងបាន២នាក់ រីឯច្រើននាក់ទៀត រត់គេចខ្លួនទាំងបាតជើងសព្រាត ដកហូតបាកសម្ភារៈ បម្រើក្នុងវង់ល្បែងបានមួយចំនួន ។

ជនឃាត់ខ្លួនទាំង២នាក់ ៖ ទី១ ឈ្មោះ សង ញន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអណ្ដូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ។ ទី២ ឈ្មោះ ញក វណ្ណ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។ ជនទាំង២នាក់ រួមជាមួយសម្ភារៈមួយចំនួន សមត្ថកិច្ចនាំទៅសាកសួរនៅអធិការដ្ឋាន អនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.