ក្រចេះ ៖ ទីតាំងផលិត លក់ រក្សាទុកនូវឧបករណ៍ឆក់ត្រីមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ច អង្គភាពពាក់ព័ន្ធចុះទៅបង្ក្រាប ដកហូតបានឿបករណ៍ឆក់ត្រី ជាច្រើនគ្រឿង និងសម្ភារៈសម្រាប់ផលិតមួយចំនួនទៀត កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចជំនាញអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ក្រោមការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានការចូលរួមពីលោក សាម ណាល់ អភិបាលស្រុកស្នួល អធិការដ្ឋាននគរបាលស្រុក លោកមេឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលស្នួល និងលោកមេភូមិ បានចុះបង្ក្រាបទីតាំងផលិត ទិញ លក់ និងរក្សាទុកឧបករណ៍ឆក់ត្រីនៅទីតាំងខាងលើ ។

ម្ចាស់ទីតាំងមានឈ្មោះ សៀង សៀកត្រាយ សញ្ជាតខ្មែរ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លក់ដូរ ។

សមត្ថកិច្ចដកហូតបាន អាំងវែកទ័រឆក់ត្រីប្រភេទស្រូប និងក្តៅនាំចូលពីប្រទេសចិន ចំនួន២២គ្រឿង អាំងវែកទ័រកែច្នៃ(ឆក់ក្តៅ)ចំនួន១៥គ្រឿង ប្រអប់ឈើសម្រាប់កែច្នៃអាំងវែកទ័រឆក់ត្រី ចំនួន២៨០ប្រអប់ ។ ម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅករិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.