ក្រោយដំណើរការអស់រយៈពេលជាង៣០ឆ្នាំ ការសែតបោះពុម្ពផ្សាយភ្នំពេញប៉ុស្ដិ៍ បានបិទទ្វារ ព្រោះធ្លាក់ចុះចំណូលចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិជាសាកលជំងឺកូវីដ១៩។ ការបិទទ្វារសារព័ត៌មានបែបប្រពៃណីនេះ លោក ទេព អស្នារិទ្ធ  អ្នកនាំពាក្យក្រសួងព័ត៌មាន បានចាត់ទុកថា ជាព្រឹត្តិការណ៍អកុសល និងជាការសោកស្តាយសម្រាប់វិស័យសារព័ត៌មានប្រពៃណី។

សូមចុចអាន៖ បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីហិង្សា នៅក្រុងប៉ោយប៉ែត

ជុំវិញកាសែតប្រពៃណីបិទទ្វារបន្ដបន្ទាន់ អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា ជាការពិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ និងទូរទស្សន៍ បានជួបផលវិបាកនានាដែលកើតចេញពីការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យាទំនើប ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយប្រពៃណីបានពើបប្រទះនឹងការថមថយនូវចំនួនអ្នកអាន អ្នកស្តាប់ អ្នកទស្សនា មួយផ្នែកដោយសារប្រជាជនបានងាកទៅរកប្រភពព័ត៌មានផ្សេងទៀតដែលផ្តល់តាមរយៈប្រព័ន្ធឌីជីថល រាប់បញ្ចូលទាំងបណ្តាញទំនាក់ទំនងសង្គមផងដែរ។ ការណ៍នេះបានរួមចំណែកបង្កផលវិបាកប៉ះពាល់ដល់ចំណូល ដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណី មួយផ្នែកបានមកពីសេវាផ្សាយពាណិជ្ជកម្មផលិតផលឬសេវាកម្មនានា។ ទោះជាយ៉ាងណាក៏ដោយ និន្នាការបែបនេះមិនមែនកើតឡើងតែនៅកម្ពុជាយើងទេ ពោលគឺវាក៏បានកើតឡើងតាមបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកដែរ។

លោក ទេព អស្នារិទ្ធ  អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍បន្ថែមថា៖ ចេញពីព្រឹត្តិការណ៍នេះដែរ ចំណុចវិជ្ជមាននោះគឺសារព័ត៌មានភ្នំពេញបុស្តិ៍នៅតែបន្តផលិត និងផ្តល់ព័ត៌មានជូនប្រជាជននៅគ្រប់ទិសទី តាមរយៈការបន្តការចេញផ្សាយរបស់ខ្លួនតាមប្រព័ន្ធឌីជីថល ដែលការនេះនឹងបន្តរួមចំណែកលើកស្ទួយការទទួលព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោកឲ្យកាន់តែទូលំទូលាយថែមទៀតផង។ 

សូមបញ្ជាក់ថា បច្ចុប្បន្នសារព័ត៌មានបោះពុម្ភមានចំនួន៩២ អង្គភាព។ សារព័ត៌មានភ្នំពេញបុស្តិ៍ ជាសារព័ត៌មានប្រពៃណីទីពីរដែលបានជួបនឹងផលវិបាកបែបនេះ បន្ទាប់ពីកាសែតរស្មីកម្ពុជាបានបិទដំណើរការនៃការចេញផ្សាយរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ។ ទាំងនេះជាឥទ្ធិពលនិងផលវិបាកដែលបានកើតចេញពីរបត់នៃការវិវត្តក្នុងយុគសម័យឌីជីថល។

ទាក់ទងនឹងការបិទបើកសារព័ត៌មានបែបប្រពៃណី កាលពីពេលថ្មីៗនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់បានលើកឡើងថា៖ ការដែលក្រសួងព័ត៌មានបានធ្វើឱ្យ កាសែតកម្ពុជា ដែលជាកាសែតរបស់រដ្ឋមានអាយុ ៤៥ឆ្នាំ និងគ្រប់គ្រងដោយក្រសួងព័ត៌មាន បានដំណើរការផ្សាយឡើងវិញក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី គឺដោយសារក្រសួងបានប្រមើលមើលឃើញពីស្ថានភាពអាក្រក់ដែលកើតឡើងចំពោះប្រព័ន្ធផ្សព្វផ្សាយបុរាណក្នុងបរិបទនៃការរីកចម្រើនផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

កាសែតកម្ពុជានេះហើយជាតំណាងឲ្យប្រព័ន្ធផ្សព្វផ្សាយបុរាណរបស់កម្ពុជា ក្នុងនាមជាសារព័ត៌មានជាតិ ដែលបាននាំនូវសំឡេងរបស់ជាតិ និងព័ត៌មានពិតអំពីកម្ពុជាជូនដល់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។ នេះជាលទ្ធផលដ៏សំខាន់មួយរបស់ក្រសួងព័ត៌មានក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយ របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីថែរក្សានូវកេរ្តិ៍តំណែលរបស់ជាតិដែលឥស្សរជនថ្នាក់ដឹកនាំកម្ពុជាជំនាន់មុនៗបានបន្សល់ទុកឲ្យ ព្រមទាំងដើម្បីការពារកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ក្រសួងព័ត៌មានផងដែរ សម្រាប់ការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន និងសេរីភាពសារព័ត៌មាននៅកម្ពុជា។ នេះជាការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងព័ត៌មាន។

លោក ទេព អស្នារិទ្ធ  អ្នកនាំពាក្យក្រសួងព័ត៌មាន បានអត្ថាធិប្បាយបន្ថែមទៀតថា៖ ការរីកចម្រើននៃវិស័យឌីជីថលក៏បានបង្កនូវកាលានុវឌ្ឍភាពថ្មីៗសម្រាប់ប្រតិបត្តិករក្នុងវិស័យព័ត៌មានទាំងអស់ផងដែរ។ ដូច្នេះយើងចាំបាច់ត្រូវបត់បែន និងចាប់យកឱកាសនៃភាពរីកចម្រើននេះមកជាប្រយោជន៍សម្រាប់វិស័យព័ត៌មាន ដោយត្រូវផ្តោតនិងជំរុញបន្ថែមលើការផលិត និងផ្សព្វផ្សាយប្រកបដោយគុណភាព និងប្រសិទ្ធភាព ពោលគឺ៖ ការផ្សព្វផ្សាយលឿន ជាមួយនឹងខ្លឹមសារព័ត៌មានវិជ្ជាជីវៈដែលមានភាពទាក់ទាញ ទទួលបានភាពជឿជាក់បានពីសំណាក់ប្រជាជន ដើម្បីប្រកួតប្រជែងក្នុងទីផ្សារព័ត៌មានសម័យឌីជីថល។ ជាមោទនភាពសម្រាប់ជាតិកម្ពុជា កាសែតកម្ពុជា ដែលមានអាយុជាងបួនទសវត្សហើយ បាននិងកំពុងមានដំណើរការផ្សាយយ៉ាងរលូន រួមជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋសំខាន់ៗផ្សេងទៀតមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ទូរទស្សន៍និងវិទ្យុជាតិកម្ពុជា (TVK, RNK) បាន និងកំពុងដើរតួនាទីដ៏សំខាន់ និងយ៉ាងសកម្ម ក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងការកំសាន្តជូនដល់ប្រជាជនទូទៅទាំងក្នុងនិងក្រៅប្រទេស ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមួយចំនួនកំពុងប្រឈមនឹងផលវិបាក។  ជាក់ស្តែង ស្របពេលដែលមធ្យោបាយនៃការផ្សព្វផ្សាយមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ ជាពិសេសការរីកចម្រើននៃបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងអស់បានពង្រីកលទ្ធភាព វិសាលភាព និងពង្រឹងសមត្ថភាពក្នុងការផ្សាយព័ត៌មានតាមប្រព័ន្ធបណ្តាញសង្គមមានដូចជា៖ ហ្វេសប៊ុក(Facebook) ឆាណែលតេឡេក្រាម YouTube X(Twitter) TikTok និង Instagram ដោយបានពង្រឹងគុណភាពនៃការផ្សាយផ្ទាល់នូវកម្មវិធីព័ត៌មាន ការសន្ទនាមតិ និងកម្មវិធីសិល្បៈកំសាន្តយ៉ាងសម្បូរបែបផ្សេងទៀត សម្រាប់បង្កើនការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋអ្នកស្តាប់ អាន និងទស្សនា តាមការផ្សាយជាសំឡេង អត្ថបទ ព្រមទាំងសោតទស្សន៍ឱ្យស្របនឹងតម្រូវការ និងការរីកចម្រើននៃសម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ក្រសួងព័ត៌មានបានពង្រីកការផ្សព្វផ្សាយព័ត៌មានតាមរយៈគេហទំព័រ និងកម្មវិធីក្នុងទូរស័ព្ទដៃAPP MoINFO បានយ៉ាងទូលំទូលាយថែមទៀតផង។

លោក ទេព អស្នារិទ្ធ  អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ទៀតថា៖ កិច្ចខិតខំទាំងនេះស្ថិតក្នុងចំណោមយុទ្ធសាស្ត្រអាទិភាពក្នុងក្របខណ្ឌដែលក្រសួងព័ត៌មាននៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានកំណត់នូវចក្ខុវិស័យក្នុងការប្រែក្លាយខ្លួនឲ្យទៅជាស្ថាប័នកិច្ចការងារសាធារណៈរបស់រាជរដ្ឋាភិបាល។ ក្នុងនោះការផ្តោតលើការពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ទាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីធានាការទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយ សម្រាប់ប្រជាជននៅគ្រប់ទិសទី តាមតម្រូវការ និងទាន់ហេតុការណ៍ ដោយផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» និងសម្រាប់គាំទ្រដល់ការធ្វើសមារហណកម្មសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤។ ការនេះទាមទារឲ្យប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទពង្រឹង និងពង្រីកវិសាលភាព និងគុណភាពផ្សាយប្រកបដោយភាពច្នៃប្រឌិតក្នុងក្របខណ្ឌនៃការលើកកម្ពស់ក្រមសីលធម៌វិជា្ជជីវៈសារព័ត៌មាន ហើយរួមចំណែកក្នុងការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស ការការពារ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។ 

Share.