ត្បូងឃ្មុំ៖ ពោតក្រហមដែលកសិករដាំលក់ធ្វើជាចំណីសត្វលើផ្ទៃដី១៥០០ហិកតា  ស្ថិតក្នុងឃុំជីរោទ៍ទី១ កសិករចាប់ប្រមូលផលហើយក្នុងខែកុម្ភៈ និងខែមិនា ឆ្នាំ២០២៤នេះ ។ ឆ្នាំនេះទិន្នផលពោតឲ្យផលមិនល្អដូចឆ្នាំទៅទេ ដោយកត្តាអាកាសធាតុក្តៅមិនសូវមានភ្លៀង តែតម្លៃពោតឆ្នាំនេះថោកជាងឆ្នាំទៅ ។

លោក ទូច ចន្ធី អាយុ៤៣ឆ្នាំ ជាកសិកររស់នៅភូមិជីរោទិ៍ក្រោមទី១ បានបញ្ជាក់ឲ្យដឹងថា បងប្អូនកសិករយើងកំពុងតែប្រមូលផលពោតចំណីសត្វហើយ ពោតចំណីសត្វរបស់ពួកគាត់ឆ្នាំនេះ ពោតផ្ដល់ទិន្នផលតិចជាងឆ្នាំទៅ ដោយសារកត្តាអាកាសធាតុមិនមានភ្លៀងកក់ខែនោះទេ ។ គឺកសិករស្រោចស្រពដំណាំពោតដោយប្រើម៉ាសុីនបូមស្រោចទាំងស្រុង បណ្តាលឲ្យអស់ប្រេង ប្រើដើមទុនច្រើន ហើយប្រេងថ្លៃ គ្រាប់ពូជ ជី ក៏ថ្លៃ រីឯលក់ទៅវិញបានតម្លៃទាបជាងឆ្នាំកន្លងទៅដែរ ។

លោក ចន្ធី បានបន្តថា ចំពោះទីផ្សារពោតចំណីសត្វ មានថៅកែគេចូលទិញថ្លឹងដល់ចំការតែម្ដង ក្នុងមួយគីឡូក្រាមតម្លៃ ៨០០ រៀល ខណ:កាលពីឆ្នាំទៅ ពោតចំណីសត្វរបស់គាត់លក់បានតម្លៃ ១ពាន់១០០រៀល ក្នុង១ គីឡូក្រាម ។ ជាទូទៅនៅពេលដែលកសិករ ប្រមូលផលលើកទី១ រួចហើយ ពួកគាត់នឹងបន្តភ្ជួររាស់ដីដាំបន្តទៅទៀយ ដើម្បីឲ្យទាន់រដូវកាល ឆាប់បានប្រមូលផលឲ្យបានមុនរដូវទឹកទន្លេមេគង្គឡើងមកលិចនារដូវទឹកតម្លើងឆ្នាំនេះ ។

លោក ទួន ឆៃលឹម មេឃជីរោទ៍ទី១ បានឲ្យដឹងថា សម្រាប់ផ្ទៃដីដាំដំណាំកសិកម្មនៅក្នុងឃុំទាំងមូលមានចំនួនជាង២ពាន់ហិកតា មាន៩ភូមិ  ហើយផ្ទៃដីដាំពោតមានទំហំ១ពាន់៥រយហិកតា ឆ្នាំនេះអាកាសធាតុក្តៅមិនសម្បូរណ៍ទឹកភ្លៀង ជាហេតុធ្វើឲ្យពោតមិនសូវទទួលបានផលល្អនោះទេ ជាទូទៅកសិករអាចធ្វើបាន២ដងក្នុង១ឆ្នាំ ចំពោះទីផ្សារមិនចោទជាបញ្ហាទេ គ្រាន់តែតម្លៃមានឡើងចុះមិនទៀង ឆ្នាំទៅតម្លៃ១ពាន់១រយរៀលក្នុង១គីឡូក្រាម ឆ្នាំនេះតម្លៃបានតែ៨រយរៀលក្នុង១គីឡូក្រាម ថោកជាងឆ្នាំទៅដល់ទៅ៣រយរៀលឯណោះ ក្នុងនោះ ពោតឲ្យផលជាមធ្យម១ហិកតា ៨តោនផងដែរ ៕


អត្ថបទ៖សាន វិឡែម

Share.