ភ្នំពេញ ៖ ក្មេងប្រុស២ក្រុម ចំនួន១៣នាក់ នាំគ្នាលោតហក់លេងទឹកស្រះ ជាអកុសលលង់២នាក់ ជួយសង្គ្រោះបានម្នាក់ លង់លិចស្លាប់បាត់ម្នាក់ ផ្អើលនាំគ្នាចុះរាវ បង់សំណាញ់រក អស់រយៈពេលជាង១ម៉ោងទើបរកឃើញសព ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៤ នៅស្រះទឹកមួយកន្លែង ស្ថិតនៅខាងក្រោយជាប់របងព្រលាន ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងប្រុសរងគ្រោះ មានឈ្មោះ អឿន ស៊ូគឹមហេង អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៦ សាលាបឋមសិក្សាគោកបញ្ជាន់ មានឪពុកឈ្មោះ អឿន សុកលមុនី អាយុ៤៣ឆ្នាំ មុខរបរ កម្មករសំណង់ ម្តាយឈ្មោះ មាណ ភាព អាយុ៤០ឆ្នាំ មុខរបរ ជាងដេរ មានបងប្អូន២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្មេងរងគ្រោះជាកូនទី២ រស់ក្នុងបន្ទុកគ្រួសារ នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិប្របុសរលួយ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ស្រះទឹកខាងលើរាងត្រីកោណ មានជ្រុងប្រវែង៥០ម៉ែត្រ ជម្រៅ៦ម៉ែត្រ ជារណ្តៅដីចាស់ រាល់ថ្ងៃឃើញក្មេងៗនាំគ្នាចុះហែល ឡើងលើដើមឈើលោតទម្លាក់លេង ហាមលែងស្តាប់ទៅហើយ ។

ប្រភពបន្តទៀតថា មុនកើតហេតុឃើញក្មេងមួយក្រុមគ្នា១០នាក់ សែងធុងជ័រ ចងឈើ មកដាក់ទម្លាក់ជិះហែលលេង ហើយក៏មានក្រុមក្មេងរងគ្រោះគ្នា៣នាក់ មកឡើងដើមឈើហក់ទឹកលេងដែរ សរុបទាំងអស់១៣នាក់ កំពុងលេងទឹក មានក្មេងម្នាក់ហែលអស់ដៃ បានលង់ ហើយត្រូវបានក្មេងរងគ្រោះ ឈ្មោះ អឿន ស៊ូគឹមហេង ក៏លោតចុះពីលើដើមឈើ ទៅជួយ តែក្មេងទី១បានហែលដល់ច្រាំង នៅតែក្មេងរងគ្រោះ អស់ដៃលង់លិចបាក់ក្នុងទឹក។

ក្រោយពីក្មេងរងគ្រោះលង់លិចក្នុងទឹកបាត់ បង្កឱ្យភ្ញាក់ផ្អើល បងប្អូនប្រជាពលរដ្ឋ កម្លាំងយោធា ប្រឆាំងភេរវកម្ម នាំគ្នាចុះរាវរ និងបង់សំណាញ់រក អស់រយៈពេលជាង១ម៉ោង នៅវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃដដែល ទើបបង់សំណាញ់ជាប់សពក្មេងរងគ្រោះ ស្រង់ឡើងគោក ទោះជាព្យាយាមលើករលាក់យ៉ាងណាក្តី ក្មេងប្រុសបានស្លាប់បាត់ទៅហើយ។

សពក្មេងប្រុសត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញស្នងការក្រុងភ្នំពេញ ពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយសារលង់ទឹក រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.