ត្បូងឃ្មុំ៖ កាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ចំណុចភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មេព្រៃខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបរថយន្តដឹកធ្យូងចំនួន២គ្រឿង ខណៈអ្នកបើកបរបានរត់គេចខ្លួនបាត់អស់។ 

តាមលោក សួ ដាវី នាយផ្នែករដ្ឋបាលព្រៃឈើមេមត់ បានបញ្ជាក់ឱ្យដឹងថា កម្លាំងមេព្រៃបានចេញប្រិបត្តិការទាំងយប់ចំណុចខាងលើ ដើម្បីបង្ក្រាបរថយន្តសាំយ៉ុងឆ្នៃល្មើសដឹកធ្យូងចំនួន២គ្រឿងមែន តែមិនទាន់រាប់ថ្លឹងធ្យូងនៅឡើយទេ ដោយចាំសុំគោលការណ៍ទៅព្រះរាជអាជ្ញាសិន ដើម្បីអនុវត្តន៍តាមនិតិវិធី រួចទើបផ្តល់លទ្ធផលជាផ្លូវការជាក្រោយ ឥលូវកម្លាំងជំនាញកំពុងរៀបចំថ្លឹងដើម្បីធ្វើការផាកវិធីទៅតាមផ្លូវច្បាប់។

ជុំវិញការឃាត់រថយន្តសាំយ៉ុងដឹកធ្បូងទាំង២គ្រឿងនេះ ប្រជាពលរដ្ឋក្នុងភូមិបានបង្ហើបឱ្យដឹងដែរថា រថយន្តសាំ យ៉ុងទាំង២គ្រឿងនេះ កន្លងមកធ្លាប់លួចដឹកធ្យូងចេញម្តងហើយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ុន្តែដោយសារសភាពការណ៍មិនអំណោយផល គេបានយកមកលាក់ទុកនៅក្នុងវត្តស្លា ស្ថិតក្នុងភូមិស្លា ឃុំទន្លូង ស្រុកមេមត់មួយរយៈទៅ។

ស្រាប់តែឃើញឱកាសល្អរថយន្តល្មើសទាំងនេះ ក៏បន្តដឹកធ្យូងចេញទៅកាន់គោលដៅចំណុចភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លុះបើកបរដល់ចំណុចភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏ត្រូវបានកម្លាំងជំនាញក្របួចជាប់តែម្តងទៅ តែអ្នកបើកបរទាំងពីរគ្រឿងបានរត់គេចខ្លួនបាត់ពីរថយន្តទៅហើយ៕

អត្ថបទ៖ សាន វីឡែម

Share.