ត្បូងឃ្មុំ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសួនកម្សាន្តកុមារ នៅបរិវេណសួនឧទ្យានទន្លេស្ងួត ដែលជាអំណោយរបស់ប្រទេសកាណាដា នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ 

លោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលស្រុកអូរាំងឪបានលើកឡើងថា ទីតាំងទន្លេស្ងួតនេះ មានផ្ទៃដីទំហំ ជាង១៤ ហិកតា សាងសង់លើផ្ទៃដីទំហំ ៣៥x៤៥ម៉ែត្រ មួយផ្នែកនៃទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ជាតំបន់ប្រវត្តិសាស្រ្ត ក្រោមគំនិតផ្តួចផ្តើម ចង្អុលបង្ហាញ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដល់អ្នកពាក់ព័ន្ធទាំងអស់ កំណត់តំបន់នេះ អភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ ប្រកបដោយភាពទាក់ទាញ។ 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវការអបអសាទរ និងថ្លែងអំណរគុណ ដល់សប្បុរសជន នៅប្រទេសកាណាដា ដែលបានផ្តល់ឧបករណ៍ និងបានរៀបចំសាងសង់ ជាសួនកម្សាន្តសម្រាប់កុមារ នៅក្នុងផ្នែកមួយ នៅក្នុងបរិវេណសួនឧទ្យានទន្លេស្ងួត ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ នឹងបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍មូលដ្ឋានឃុំព្រះធាតុ ស្រុកអូរាំងឪ។ 

ឯកឧត្តមបន្តទៀតថា សួនកម្សាន្តកុមារនេះ បានចូលរួមចំណែក ក្នុងការពង្រីកជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិអព្យាក្រឹតកាបូន និងតំបន់ទន្លេស្ងួតនេះ ក៏នឹងក្លាយជាអាងទឹក សម្រាប់ការស្រោចស្រពស្រែចំការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅពេលខាងមុខ។ លើសពីនេះ ការអភិវឌ្ឍតំបន់ទន្លេស្ងួត ក៏បានបង្ហាញពីការដឹងគុណគោរពប្រតិបត្តិទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កសិទិ្ធ និងជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង។  ដូច្នេះយេីងត្រូវចេះថែរក្សា ការពារ និងចេះធ្វើអនាម័យ ដើម្បីភាពស្អាត និងយូរអង្វែង សម្រាប់ការលេងកម្សាន្ត បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងបរិវេណសួនឧទ្យានទន្លេស្ងួត៕

អត្ថបទ៖​សាន វីឡែម

Share.