បាត់ដំបង÷ កម្លាំងវីរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៧បានផ្តល់ព័ត៌មានមកថា ពលករខ្មែទាំងប្រុស ស្រី រួមទាំងកូនៗរបស់ពួកគេដែលបានវិលត្រឡប់មកស្រុកកំណើតវិញនេះសរុបចំនួន ៥៦នាក់ ពួកគាត់បានធ្វើដំណើរចេញពីប្រទេសថៃឆ្លងកាត់តាមច្រករបៀងខុសច្បាប់ កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៤ នេះ នៅត្រង់ចំណុចភូមិគីឡ ១៣ ក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ពលករទាំងអស់ពេលនេះកំពុងសាកសួរនៅអធិការនគរបាលស្រុកសំពៅលូន ព្រមទាំងមានវិធានការច្បាប់ណែនាំអប់រំជៀសវាងការធ្វើចំណាកស្រុកខុសច្បាប់ ឬជៀសវាងឆ្លងដែនតាមច្រករបៀងតូចៗព្រោះអាចប្រឈមនឹងបញ្ហាគ្រោះថ្នាក់ផ្សេងៗកើតឡើង។

ប្រភពដដែលបន្តថា ការចាកចេញរបស់ពលករខ្មែរពីប្រទេសថៃ ក្រោយបញ្ចប់ការងារនេះ គឺដើម្បីជួបជុំប្រពន្ធ កូន ឳពុកម្តាយ សាច់ញាតិ ម៉្យាងទៀតក្នុងគោលបំណងត្រៀមខ្លួនចូលរួមក្នុងកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលខិតជិតមកដល់នៅពេលខាងមុខនេះ៕

អត្ថបទ÷ ដំបងក្រញូង

Share.