ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ.គ. នៃសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ក.យ.គ. ដោយមានការចូលរួមពីអង្គសន្និបាតប្រមាណ៥៥០រូប​។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ក.យ.គ បានចូលរួមក្នុងព្រឹត្តិការសង្គមជាតិសំខាន់ៗ រួមមាន ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចូលរួមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផ្សព្វផ្សាយយុទ្ធនាការ Beyond The Game ចូលរួមបត់បេះដូងដើម្បីបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោក រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅខេត្តសៀមរាប ការងារសង្គមកិច្ច និងការកៀរគរយុវជនធ្វើកម្មភាពនិងចូលជាសមាជិក ស.ស.យ.ក.​ ជាដើម។

នៅសណ្ឋាគារសុខាភ្នំពេញ សន្និបាត ក.យ.គ. បានប្រព្រឹត្តិដោយមានការធ្វើបាយការណ៍ស្វាគមន៍ស្ដីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ថ្លែងដោយឯកឧត្តមសាស្ត្រាចារ្យ ឯក មនោសែន អនុប្រធាន ក.យ.គ. របាយការណ៍លទ្ធផលនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ ថ្លែងដោយឯកឧត្តមសាស្ត្រាចារ្យ សេង ផល្លី និងមានការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន៤ ដើម្បីជាធាតុចូលសម្រាប់ធ្វើផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពអនុវត្តបន្ត។

ប្រធានបទទាំងនោះ រួមមាន ទី១-តួនាទីរបស់យុវជនក្នុងការថែរក្សាសន្តិភាពនៅក្នុងសង្គមកម្ពុជា ដោយឯកឧត្តមបណ្ឌិត សាន វឌ្ឍនា ទី២-ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ដោយឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ទី៣-យុវជននិងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យអប់រំតាមលំនាំគន្លងថ្មីនៃយុគសម័យឌីជីថល ដោយឯកឧត្តម ហោ ប៉េង និងទី៤-យុវជននិងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន ដោយឯកឧត្តម លី ណាវុឌ្ឍ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា ខ្លឹមសារ​នៃបទបង្ហាញ​លើប្រធានបទ​ទាំង​៤​ បានផ្តល់​សារៈសំខាន់ ទស្សនៈ និងគំនិតជាមូលដ្ឋានដ៏មានប្រយោជន៍ដល់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សាក្នុងការអនុវត្តផែនការសកម្មភាព​ និង​កម្មវិធីការងាររបស់ខ្លួនក្នុងឆ្នាំ២០២៤នេះ ឱ្យបាន​សម្រេចជោគជ័យ​បន្ថែមទៀត ជាពិសេសបានផ្ដល់គុណតម្លៃខ្ពស់ចំពោះសុខសន្តិភាព និងតម្រូវការចាំបាច់របស់យុវជនក្នុងយុគសម័យឌីជីថល។

ឯកឧត្តមបានណែនាំឱ្យ ក.យ.គ. បន្តពង្រឹងកិច្ចសហការល្អជាមួយភាគីពាក់ព័ន្ធដើម្បីអនុវត្តផែនការសកម្មភាព ទាក់ទងនឹងការងារបណ្តុះបណ្តាល ពង្រឹងសមត្ថភាពយុវជន ការរៀបចំព្រឹត្តិការណ៍សង្គមផ្សេងៗ កម្មវិធីកីឡា ចលនាយុវជនឱ្យចូលរួមសកម្មភាពនានារបស់ ស.ស.យ.ក. ជំរុញនិងលើកទឹកចិត្តយុវជនឱ្យចុះឈ្មោះចូលជាសមាជិករបស់ ស.ស.យ.ក. តាមប្រព័ន្ធ UYFC App ដើម្បីកសាងស្នាដៃនិងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ឆ្នាំ២០២៤។  

សូមបញ្ជាក់ថា ពិធីបិទសន្និបាត ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដដែលនេះ ក្រោមអធីបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕

Share.