ស្ថានទូត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​​នៅ​ព្រឹក​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​ថា​​នៅ​ថ្ងៃ​ទី​១៦ ខែសីហា ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេជោ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ដោយ​ជោគជ័យ។

សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ស្ថាន​ទូត បាន​បញ្ជាក់​ទៀត​ថា​នេះ​បាន​បង្ហាញ​ពី​អត្ថន័យ​សំខាន់​នៃ​“នាវា​មិត្តភាព​”រវាង​ចិន​និង​កម្ពុជា និង​ការ​ផ្សារ​ភ្ជាប់​រវាង​បេះដូង​នៃ​ប្រជាជន​ទាំង​ពីរ។ គម្រោង​នេះ​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​១៦.២២ហិកតា ទំហំ​សំណង់​ប្រហែល​៨.២៤​ម៉ឺនម៉ែត្រការ៉េ។ ពហុ​កីឡដ្ឋាន​ខ្នាត​ធំ​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​រហូត​ដល់​៦ម៉ឺននាក់។

ពហុកីឡាដ្ឋាន​នេះ​អាច​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អន្តរជាតិ​និង​ការ​ប្រកួត​កីឡា​បាល់ទាត់​អន្តរជាតិ​ខ្នាត​ធំ និង​អាច​រៀបចំ​ពិធី​ថ្នាក់​ជាតិ​ក៏​ដូចជា​ព្រឹត្តិការណ៍​ធំៗ​ផ្សេង​ទៀត​បាន។ ពហុ​កីឡាដ្ឋាន​ជាតិ​មរតកតេជោ នឹង​ក្លាយ​ជា​ពហុកីឡាដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ផង​ដែរ។

ទូត​ចិន​បញ្ជាក់​ថា​នេះ​គឺ​ជា​ពហុកីឡដ្ឋាន​ទំហំ​ធំ​បំផុត​ និង​កម្រិត​ខ្ពស់​បំផុត​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន នា​បច្ចុប្បន្ន​នេះ​ និង​ជា​សមិទ្ធផល​ផ្លែផ្កា​នៃ​កិច្ចសហ​ប្រតិបត្តិការ​ក្រោម​ក្រប​ខណ្ឌ​ការ​កសាង​គំនិត​ផ្តួចផ្តើម“ខ្សែក្រវ៉ាត់និងផ្លូវ”​រវាង​ចិន​និង​កម្ពុជា៕

Telegram-Troryorng
Share.