ត្បូងឃ្មុំ៖ នគរបាលខេត្តត្បូងឃ្មុំ ចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់) នឹងធ្វើការឃាត់ខ្លួនបានមនុស្សចំនួន ៥នាក់ រួចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៤នេះ ។

កម្លាំងនគរបាលនៃស្នងការខេត្តបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៣ៈ៣០នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការ ដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រើប្រាស់វិធានការជំនាញ ស្រាវជ្រាវបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់) ចំនួន១កនែ្លង នៅក្នុងភូមិសាស្ត្រស្មុគស្មាញ ស្ថិតនៅចំណុចចំការកៅស៊ូទុកចោល ស្ថិតនៅភូមិថ្មដាប់ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនបានអ្នកលេងចំនួន០៥នាក់ រួមនឹងវត្ថុតាងមាន់៣ក្បាល (ងាប់) និងសម្ភារមួយចំនួនទៀត ។

កម្លាំងនគរបាលនៃស្នងការខេត្ត បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះជនសង្ស័យទាំង៥នាក់ និងវត្ថុតាងខាងលើ សមត្ថកិច្ចយើងបានបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដដើម្បីកសាងសំណុំរឿង រួចបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៤ ដើម្បីចាត់ការទៅតាមនិតិវិធី ៕

អត្ថបទ៖សាន វីឡែម

Share.