(ភ្នំពេញ)៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងប្រារព្ធធ្វើរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសា ខាងមុខនេះ។ដើម្បីឲ្យពិធីនេះប្រព្រឹត្តទៅដោយជោគជ័យគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ ស្តីពី ការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤។

បើតាមគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ  ជារៀងរាល់ឆ្នាំ ប្រជារាស្ត្រខ្មែរយើងទាំងក្នុង និងក្រៅប្រទេស តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ។

ពិធីនេះ ប្រារព្ធឡើងដើម្បីទទួលអំណរ ស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី និងសម្ដែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ប្រគេនព្រះពរ សម្ដេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃគ្រប់ព្រះអង្គ ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និងជូនពរថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងបុព្វការីជនទាំងឡាយ មានមាតាបិតា គ្រូឧបជ្ឈាយាចារ្យ ចាស់ព្រឹទ្ធាចារ្យជាដើម សំដៅបង្កើនឡើងនូវមនោសញ្ចេតនាគោរពស្រឡាញ់ សាមគ្គីភាពស្និទ្ធស្នាល និងទទួលបានសព្ទសាធុការពរជ័យពីទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ  បានជំរុញឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ចាត់តាំងឱ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជាចោលឈូង បោះអង្គញ់ ទាញព្រ័ត ទាត់សី លាក់កន្សែង រាំកម្សាន្ត តាមមណ្ឌលកម្សាន្ត តាមរមណីយដ្ឋាននានា ឬទីតាំងណាដែលសមគួរ ហើយជៀសវាង និងទប់ស្កាត់ឱ្យបាននូវល្បែងណាដែលប្រាសចាកនឹងច្បាប់ ខុសប្រពៃណីជាតិ ដូចជា ល្បែងស៊ីសង ល្បែងជះទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ។ល។

ក្នុងនោះ ត្រូវយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗដែលនាំឱ្យមានគ្រោះអគ្គិភ័យ។ត្រូវចាត់តាំងរៀបចំពិធីបុណ្យសាសនា តាមវត្តអារាម និងពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ បងប្អូនជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅកន្លែងដែលបានតម្កល់ អដ្ឋិធាតុ នៅតាមបូជនីយដ្ឋាន ស្តូប និងវត្តអារាម។

ជាមួយគ្នានេះ ត្រូវរៀបចំកម្មវិធីចុះសួរសុខទុក្ខអ្នកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក រាជធានី ខេត្ត

និងចាស់ជរាគ្មានទីពឹងផងដែរ៕

Share.